តិចច្រឡំយកលេបថបចូលហាងកាហ្វេក្នុងទីក្រុងធំៗនៅអឺរ៉ុប គេពុំអនុញ្ញាតឱ្យយកចូលទេ តើមានមូលហេតុអ្វីបានជាមិនឱ្យយកចូលដូច្នេះ? ហាងកាហ្វេជាច្រើនកន្លែងក្នុងទីក្រុងធំៗនៅអឺរ៉ុបបានហាមអតិថិជនយកលេបថបមកអង្គុយធ្វើការក្នុងហាង ជាពិសេស នៅថ្ងៃសម្រាកចុងសប្តាហ៍ ដោយសារអតិថិជនទិញកាហ្វេ១កែវ ប៉ុន្តែអង្គុយរាប់ម៉ោង ពុំព្រមងើបពីកៅអី ។ ពួកគេថែមទាំងប្រាប់ហាង ឬអតិថិជនផ្សេងៗកុំបើកចម្រៀងខ្លាំងនាំឱ្យរំខានដល់ការប្រជុំ ។ វាធ្វើឱ្យបរិយាកាសក្នុងហាងក្លាយជាសោកសៅ ហាងបាត់បង់ប្រាក់ចំណូល ដោយសារអស់អតិថិជន ។.png)
Black Sheep Coffee គឺជាហាងកាហ្វេដ៏ពេញនិយមនៅទីក្រុងរីតឌីង ប្រទេសអង់គ្លេស បានហាមអតិថិជនយកលេបថប និងថេបប្លេតចូលក្នុងហាង នៅថ្ងៃសៅរ៍-អាទិត្យ ដោយសារអតិថិជនជាច្រើននាក់ត្អូញត្អែរគ្មានកន្លែងអង្គុយ ។ ហាងនេះបានដាក់ស្លាកហាមយកលេបថប និងថេបប្លេតចូលហាង ចាប់ពីថ្ងៃសុក្រ ដល់ថ្ងៃអាទិត្យ ។.png)
ការកំណត់គោលការណ៍នេះ ពុំមែនជារឿងថ្មីទេ នៅអង់គ្លេស ។ កាលពីឆ្នាំ២០២៤ ហាងកាហ្វេនៅទីក្រុងខេនធឺប៊ូរី បានហាមអតិថិជនយកលេបថបចូលហាង ក្រោយពីអតិថិជនយកលេបថបមកធ្វើការ និងប្រជុំអនឡាញរាប់ម៉ោង ហើយកុម្ម៉ង់កាហ្វេតែ១កែវប៉ុណ្ណោះ ។ លើសពីនេះ ពួកគេថែមទាំងប្រាប់ឱ្យអតិថិជនផ្សេងកុំនិយាយខ្លាំងៗ ពីព្រោះរំខានការប្រជុំ ។
ម្ចាស់ហាងកាហ្វេប្រាប់ថា ហាងពិបាកហាមអតិថិជនប្រើប្រាស់លេបថបណាស់ ពេលអតិថិជនលែងយកលេបថបចូលហាងធ្វើឱ្យបរិយាកាសរីករាយឡើងវិញ ខណៈអតិថិនផ្សេងៗអាចជជែកគ្នាដូចមុន ។ រីឯអតិថិជនដែលយកលេបថបមកធ្វើការក្នុងហាង ពួកគេទិញកាហ្វេ១កែវប៉ុណ្ណោះ ហើយធ្វើឱ្យបរិយាកាសសោកសៅ ។ ហាងកាហ្វេតូចៗខ្លះចង់ឱ្យមានអតិថិជនចេញ-ចូលច្រើន ហើយពុំអនុញ្ញាតឱ្យអតិថិជនណាម្នាក់អង្គុយយូរទេ ។ ហាងពុំចង់ហាមអតិថិជនយកកុំព្យូទ័រចូលហាង ប៉ុន្តែដោយសារពួកគេពុំគិតពីផលប៉ះពាល់ ។
ក្រៅពីអង់គ្លេស ហាងកាហ្វេតាមទីក្រុងធំៗនៅអឺរ៉ុប ក៏ជួបនឹងបញ្ហានេះដែរ ដូចជា ៖ ហាងកាហ្វេនៅទីក្រុងប៉ារីស បាសេឡូណា និងប៊ែកឡាំង ។ ម្ចាស់ហាងក្នុងទីក្រុងទាំងនេះនិយាយស្រដៀងគ្នាថា អ្នកខ្លះទិញកាហ្វេ១កែវ ប៉ុន្តែអង្គុយរហូតដល់៨ម៉ោង ហើយប្រាប់ឱ្យហាងកុំបើកចម្រៀងខ្លាំងៗ ពីព្រោះពួកគេកំពុងប្រជុំអនឡាញ ។ អ្នកខ្លះទៀតយកបាយប្រអប់មកបរិភោគពេលថ្ងៃត្រង់ក្នុងហាង ។ ហេតុនេះ ហាងកាហ្វេនៅអឺរ៉ុបបានឱ្យអតិថិជនបង់ប្រាក់គិតម៉ោង បើចង់ប្រើប្រាស់កុំព្យូទ័រធ្វើការក្នុងហាង ៕










