ប្រទេសថៃ ៖ ក្នុងឱកាសអញ្ជើញជាប្រធានបើកគម្រោង «Thailand Summer Festivals» នៅវិមានរដ្ឋាភិបាល កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២៥ លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ នាយករដ្ឋមន្ត្រីថៃថ្លែងថា រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធមជាងបណ្តាឆ្នាំមុនៗ ដើម្បីទាក់ទាញភ្ញៀវទេសចរមកពីជុំវិញពិភពលោក ឱ្យបានចំនួន៣៨លាននាក់ ។ លោកស្រីបានសំណូមពរឱ្យពលរដ្ឋគ្រប់រូបស្វាគមន៍ និងធ្វើជាម្ចាស់ផ្ទះដ៏ល្អដើម្បីទាក់ទាញចំណាប់អារម្មណ៍ភ្ញៀវទេសចរ និងបង្កើនចំណូលចូលជាតិ ។
នៅឆ្នាំ២០២៥ រដ្ឋាភិបាលថៃនឹងរៀបចំពិធីបុណ្យសង្ក្រាន្តយ៉ាងអធិកអធម ដោយបង្កើនវិធានការការពារសុវត្ថិភាពដើម្បីឱ្យភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទទួលបានបទពិសោធន៍ល្អក្នុងដំណើរកម្សាន្ត ហើយសូមពលរដ្ឋចូលរួមចំណែកជំរុញសេដ្ឋកិច្ចជាតិ ។ រដ្ឋាភិបាលមានបំណងឱ្យវិស័យទេសចរណ៍ជំរុញសេដ្ឋកិច្ច ដែលស្មើជាង១៤% នៃផលិតផលក្នុងស្រុកសរុប (GDP) ដោយកំណត់ឱ្យថៃក្លាយជាគោលដៅទេសចរណ៍គ្រប់រដូវកាល តាមរយៈការរៀបចំពិធីបុណ្យផ្សេងៗឱ្យភ្ញៀវទេសចរមកកម្សាន្តនៅទីក្រុងតូច-ធំ ហើយពលរដ្ឋក៏ទទួលបានចំណូលពីភ្ញៀវទេសចរដែរ ។ នេះបើតាមការលើកឡើងរបស់លោកស្រី ផេថងថាន ។

ថៃនឹងរៀបចំពិធីបុណ្យ «Maha Songkran World Water Festival 2025» នៅទីធ្លាខាងមុខព្រះបរមរាជវាំង ទីក្រុងបាងកក ចាប់ពីថ្ងៃទី១១ ដល់ថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥ ហើយពិធីបុណ្យនេះនឹងបង្ហាញពីប្រពៃណីសង្ក្រាន្តនៅថៃ ដែលចុះបញ្ជីជាបេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ ឈានទៅពិធីបុណ្យលំដាប់ពិភពលោក ។ កាលពីឆ្នាំ២០២៤ ភ្ញៀវទេសចរជាង១លាន៥សែននាក់ បានមកដើរលេងក្នុងពិធីបុណ្យសង្ក្រាន្ត កើនឡើងលើសឆ្នាំ២០២៣ ប្រមាណ៤០% ។.png)
ក្រៅពីនេះ ថៃនឹងរៀបចំពិធីបុណ្យប្រពៃណី ចំនួន៧ នៅក្រោមគំនិត «7 Months 7 Wonders Summer Festivals» រួមមាន ៖ ពិធីបុណ្យសង្ក្រាន្ត, ពិធីបុណ្យ Pride, ពិធីបុណ្យវប្បធម៌, តន្ត្រី, កីឡា, ម្ហូបអាហារ ព្រមទាំងពិធីបុណ្យសិល្បៈ និងការច្នៃប្រឌិត ។ ថៃសង្ឃឹមថា ពិធីបុណ្យទាំងនេះនឹងទាក់ទាញឱ្យភ្ញៀវទេសចរបរទេសមកកម្សាន្តនៅថៃកាន់តែច្រើនក្នុងរយៈពេល៧ខែ គឺចាប់ពីខែមីនា ដល់ខែកញ្ញា ឆ្នាំ២០២៥ ដែលរៀបចំពិធីបុណ្យដោយរដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងកីឡា, រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម, រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ, រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងមន្ត្រីស្ថាប័នពាក់ព័ន្ធ ។

ថៃនឹងបង្កើនចំនួនភ្ញៀវទេសចរឱ្យច្រើនដូចអំឡុងពេលមុនជំងឺកូវីដ-១៩ ឆ្លងរាតត្បាត ដើម្បីបង្កើនចំណូលពីវិស័យទេសចរណ៍ ខណៈខេត្តនានាត្រូវបង្ហាញពីភាពលេចធ្លោពិសេស និងរៀបចំពិធីបុណ្យឱ្យកាន់តែធំជារៀងរាល់ឆ្នាំ ទើបអាចជំរុញសេដ្ឋកិច្ចតំបន់ និងជាតិ ។ ពលរដ្ឋគ្រប់រូបជា Soft Power ដ៏សំខាន់បំផុតរបស់ប្រទេស ដោយការស្វាគមន៍ រាក់ទាក់ និងបំពេញតួនាទីជាម្ចាស់ផ្ទះដ៏ល្អជាមួយភ្ញៀវទេសចរ ៕










