ឧកញ៉ា ប៊ុន រតនា ហៅ សេម ដែលជាអ្នកដឹកនាំការសម្តែងមួយរូបដ៏មានប្រជាប្រិយភាពតាមរយៈ MV នានា បានបង្ហើបពីមូលហេតុហើយបន្ទាប់ពីចាប់ដៃសាងគ្រួសារជាមួយជំទាវ ខៀវ យឺនពុទ្ធារ័ត្ន ឬទស្សនិកជនស្គាល់ថាជាតារាសម្តែង លីឈី លែងបន្តការដឹកនាំសម្តែងដោយងាកទៅផ្តោតលើជំនួញមុខរបររកស៊ីវិញ។
ក្នុងបទសម្ភាសន៍កម្មវិធី «អ្នកជិតខាង» ឧកញ៉ា ប៊ុន រតនា ហៅ សេម បានទម្លាយថា កាលពីលោកក្លាយជា Director លោកនៅលីវ ការចំណាយចង់ចាយយ៉ាងមិចក៏បាន ដល់ពេលមានគ្រួសារត្រូវទទួលខុសត្រូវចំពោះអនាគតគាត់ទាំងការហូបចុក ការស្នាក់នៅចាយវាយសម្ភារៈផ្សេងៗ យកគេហើយឱ្យគេវេទនាយើងយកម៉េច។ 
លោកថា ការងារជា Director ជាក្តីស្រមៃជាបេះដូងរបស់លោកហើយបានទៅរៀននៅប្រទេសថៃ២ឆ្នាំ តែមកវិញបែរជាបើករកស៊ីព្រោះតែដឹងថាការងារ Director បានចំណូលត្រឹមអាចចាយវាយ តែបើចង់ឱ្យប្រពន្ធកូនមានដូចគេដូចឯងមិនអាចទៅរួម ប្រសិនជាយកប្រពន្ធកូនហើយឱ្យលំបាកវេទនាលោកសុខចិត្តនៅលីវវិញ។
ចំណងស្នេហាកើតចេញពីការរួមការងារក្នុងអាជីពសិល្បៈស្វាមីជាអ្នកដឹកនាំការសម្តែង ចំណែកឯភរិយាគឺជាតារាសម្តែងនេះ ជំទាវ ពុទ្ធារ័ត្ន ក៏បង្ហើបដែរថា ស្វាមីរបស់ខ្លួនមិនចេះផ្អែមល្អែមនោះទេ ហើយមុននឹងសម្រេចចិត្តកសាងទំនាក់ទំនងកសាងជីវិតគ្រួសារជាមួយគ្នាគឺបានមើលពីប្រវត្តិមុននឹងផ្ញើជីវិតទៅកាន់ Director សេម។
គួរបញ្ជាក់ថា Director MV «I am Sorry» របស់អ្នកនាង មាស សុខសោភា បានរៀបការជាមួយតារាសម្តែង លីឈី កាលពីខែឧសភា ឆ្នាំ២០១៩ ខណៈបច្ចុប្បន្នអ្នកទាំងពីរទទួលបានកូនប្រុសស្រីពីរនាក់និងកំពុងពរពោះម្នាក់ទៀតជាចំណងដៃ។ ដ្បិតថាអ្នកនាងមិនបានប្រឡូកអាជីពសិល្បៈដូចមុន ប៉ុន្តែក៏បានចេញរឿងខ្លីៗនៅលើបណ្តាញសង្គមក្នុងការផ្សព្វផ្សាយផលិតផលរបស់ខ្លួនផងដែរ៕










