ប្រទេសថៃ ៖ សារព័ត៌មានថៃរាយការណ៍ថា មានហេតុការណ៍កើតឡើងនៅកណ្តាលសមុទ្រប្រទេសថៃ គឺទូកវៀតណាម ចំនួន១០គ្រឿង បានលួ.ចចូលនេសាទក្នុងសមុទ្រថៃ ហើយទូកឆ្មាំសមុទ្រថៃក៏តាមចាប់ទូកទាំងនេះ ប៉ុន្តែចាប់បានតែ១គ្រឿងប៉ុណ្ណោះ ខណៈទូកផ្សេងទៀតបើករត់ ។ ទូកវៀតណាម១គ្រឿងនេះ ក៏បើកគេចដែរ ប៉ុន្តែគេចមិនទាន់ ក៏ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃ ធ្វើឱ្យឆ្មាំសមុទ្រថៃចាប់ទូកវៀតណាម១គ្រឿងនេះបាន ព្រមទាំងជនជាតិវៀតណាម ៤នាក់ នាំមកកាន់កំពង់ផែ ។
ហេតុការណ៍នេះបានកើតឡើងកាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២៥ នៅបរិវេណកំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ស្ថិតនៅស្រុកឃ្លងយ៉ៃ ខេត្តត្រាត ។ ទូកឆ្មាំសមុទ្រថៃបានអូសទូកនេសាទវៀតណាម ១គ្រឿង ព្រមទាំងនាំខ្លួនជនជាតិវៀតណាម៤នាក់ មកកាន់កំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ក្រោយពីឆ្មាំសមុទ្រថៃចាប់បាននៅសមុទ្រថៃ ។
លោក អាផា ឆាផាណុន នាយកមជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ និយាយថា មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្របានសហការជាមួយបញ្ជាការដ្ឋានការពារព្រំដែនទឹកខេត្តចាន់បុរី និងត្រាត ព្រមទាំងមន្ត្រីពាក់ព័ន្ធ ចាប់ទូកនេសាទវៀតណាមដែលឈ្លានពានចូលមកនេសាទក្នុងដែនទឹកថៃ ។.jpg)
កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៤ មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ បានទទួលដំណឹងថា មានទូកនេសាទបរទេសចំនួន១០គ្រឿង លួចចូលនេសាទក្នុងដែនទឹកថៃ តាំងពីថ្ងៃទី២២ ខែកុម្ភៈ មកម៉្លេះ ។ ពួកគេធ្វើសកម្មភាពរៀងរាល់យប់ ហើយពេលថ្ងៃឡើងសម្រាក ដើម្បីកុំឱ្យឆ្មាំសមុទ្រថៃចាប់បាន ។.jpg)
ហេតុនេះ មជ្ឈមណ្ឌលការពារផលប្រយោជន៍ជាតិសមុទ្រ ក៏បានសុំការសហការពីមន្ត្រីពាក់ព័ន្ធបញ្ជូនទូកមកកាន់កំពង់ផែអានេកប្រាស៊ុងឃ្លងយ៉ៃ ដើម្បីចាប់ទូកនេសាទវៀតណាម ។ ប៉ុន្តែថៃចាប់បានទូកវៀតណាមតែ១គ្រឿង រីឯទូកផ្សេងៗបានបើកគេចយ៉ាងឆាប់រហ័ស ។ ទូកនេសាទវៀតណាម១គ្រឿងដែលថៃចាប់បាន គឺបើកគេចពុំទាន់ ក៏ជ្រុលទៅបុកទូកឆ្មាំសមុទ្រថៃផ្នែកខាងស្តាំ ធ្វើឱ្យថៃចាប់បានជនជាតិវៀតណាម ៤នាក់ ដែលជិះលើទូកនេះ ។

មុនការចាប់ទូកនេសាទវៀតណាម ឆ្មាំសមុទ្រថៃបានបាញ់កាំភ្លើងគំរាមពួកគេ ចាប់ពីពេលនេះទៅ ឆ្មាំសមុទ្រថៃនឹងយាមល្បាត និងចាត់វិធានការកាន់តែតឹងរ៉ឹងជាងមុន ។ កន្លងមក ទូកនេសាទវៀតណាមបានលួចចូលនេសាទក្នុងសមុទ្រថៃជាញឹកញាប់ ហើយឆ្មាំសមុទ្រថៃចាប់បានជាបន្តបន្ទាប់ ប៉ុន្តែពួកគេនៅតែលួចចូលមកទៀត ។ ជំហ៊ានបន្ទាប់ ឆ្មាំសមុទ្រថៃនឹងជូនដំណឹងទៅរដ្ឋាភិបាល និងក្រសួងការបរទេសថៃ ឱ្យទាក់ទងទៅរដ្ឋាភិបាលវៀតណាម ដើម្បីកុំឱ្យពលរដ្ឋខ្លួនធ្វើបែបនេះ ៕










