អាកាសយានដ្ឋាន គឺជាហេដ្ឋារចនាសម្ព័ន្ធដ៏សំខាន់មួយ លើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ហើយបានដើរតួនាទីក្នុងការតភ្ជាប់ពីតំបន់មួយទៅតំបន់មួយ និងពីប្រទេសមួយទៅប្រទេសមួយទៀត។
នៅពេលធ្វើដំណើរតាមយន្តហោះ រឿងមួយដែលអ្នកអាចកត់សម្គាល់បានយ៉ាងងាយស្រួលនោះ គឺអាកាសយានដ្ឋានអន្តរជាតិ និងនៅក្នុងស្រុកភាគច្រើនមិនត្រូវបានសាងសង់នៅជិតកណ្តាលទីក្រុងនោះទេ ពោលគឺគេសាងសង់នៅជាយក្រុង ឬតំបន់ណាមួយដែលមិនសូវមានមនុស្សរស់នៅច្រើន ដោយសារមូលហេតុធំៗទាំងនេះ៖
១.បញ្ហាសុវត្ថិភាពហោះហើរ៖ ហេតុផលដ៏សំខាន់បំផុតមួយ ដែលជារឿយៗព្រលានយន្តហោះត្រូវបានសាងសង់នៅឆ្ងាយពីតំបន់លំនៅដ្ឋាន និងកណ្តាលទីក្រុងគឺដើម្បីសុវត្ថិភាព។ ប្រតិបត្តិការអាកាសយានដ្ឋាន ជាពិសេសការហោះហើរ និងការចុះចត អាចបង្កហានិភ័យជាក់លាក់ដល់តំបន់ជុំវិញ។ យន្តហោះអាចចុះចតក្នុងល្បឿនលឿន ហើយករណីខ្លះអាចជួបឧបទ្ទវហេតុធ្លាក់ជាដើម។

ប្រសិនបើអាកាសយានដ្ឋានត្រូវបានសាងសង់នៅជិតតំបន់លំនៅដ្ឋាន ឬតំបន់មានមនុស្សច្រើន គ្រោះថ្នាក់យន្តហោះអាចបណ្តាលឱ្យមានការខាតបង់យ៉ាងច្រើនដល់អាយុជីវិតមនុស្ស និងទ្រព្យសម្បត្តិ។ ទោះបីជាអត្រានៃគ្រោះថ្នាក់យន្តហោះមានតិចតួចក៏ដោយ ក៏ត្រូវតែមានការប្រុងប្រយ័ត្ន ដើម្បីកាត់បន្ថយហានិភ័យណាមួយ។ ការសាងសង់អាកាសយានដ្ឋាននៅឆ្ងាយពីទីក្រុងជួយកាត់បន្ថយការខូចខាតក្នុងករណីបែបនេះ ទន្ទឹមនឹងនោះក៏បង្កើតកន្លែងសុវត្ថិភាពសម្រាប់យន្តហោះចុះចតផងដែរ។
២.កាត់បន្ថយសំលេងរំខាន៖ យន្តហោះនៅពេលចុះចត តែងតែបង្កើតសំឡេងខ្លាំង ដែលប៉ះពាល់អវិជ្ជមានដល់សុខភាពអ្នករស់នៅក្បែរនោះ។ លើសពីនេះ ការបំភាយឧស្ម័នពីយន្តហោះ ជាពិសេសជើងហោះហើរពាណិជ្ជកម្មធំៗ ក៏រួមចំណែកដល់ការបំពុលខ្យល់ផងដែរ។ ដូច្នេះការកសាងអាកាសយានដ្ឋាននៅឆ្ងាយពីទីក្រុង ជួយកាត់បន្ថយផលប៉ះពាល់នៃសំឡេង និងការបំពុលបរិស្ថានលើតំបន់លំនៅដ្ឋាន បង្កើតលក្ខខណ្ឌសម្រាប់ការអនុវត្តវិធានការការពារបរិស្ថាន ដូចជាការដាំដើមឈើ ការកសាងតំបន់កាត់បន្ថយសំឡេង និងការសម្អាតខ្យល់។.png)
៣.តម្រូវការលំហ៖ អាកាសយានដ្ឋានអន្តរជាតិទំនើបត្រូវការផ្ទៃដីធំ ដើម្បីសាងសង់ហេដ្ឋារចនាសម្ព័ន្ធ រួមមានផ្លូវរត់ ចំណតអ្នកដំណើរ កន្លែងចតយន្តហោះ និងតំបន់សេវាកម្មបច្ចេកទេស។តំបន់នៅជិតកណ្តាលទីក្រុងជាញឹកញាប់មានដង់ស៊ីតេប្រជាជនខ្ពស់ និងដីមានកំណត់ ប្រសិនបើព្រលានយន្តហោះត្រូវបានសាងសង់ វានឹងមានការលំបាកខ្លាំងណាស់ក្នុងការបោសសម្អាតដី និងធានាបាននូវផ្ទៃដីគ្រប់គ្រាន់សម្រាប់តម្រូវការអភិវឌ្ឍន៍នាពេលអនាគត។ ដូច្នេះអាកាសយានដ្ឋានច្រើនតែត្រូវបានគេសាងសង់នៅឆ្ងាយពីទីក្រុង នៅតំបន់ជាយក្រុង ឬនៅក្រៅតំបន់ដែលមានដីធំទូលាយ។ 
៤.កាត់បន្ថយការស្ទះចរាចរណ៍៖ អាកាសយានដ្ឋានដែលសាងសង់នៅឆ្ងាយពីទីក្រុងក៏ជួយកាត់បន្ថយការកកស្ទះចរាចរណ៍នៅតំបន់កណ្តាលទីក្រុងផងដែរ។ អាកាសយានដ្ឋានតែងតែមានអ្នកដំណើរ និងបុគ្គលិកយ៉ាងច្រើនធ្វើដំណើរជារៀងរាល់ថ្ងៃ ប្រសិនបើសាងសង់នៅជិតកណ្តាលទីក្រុង វានឹងដាក់សម្ពាធបន្ថែមលើចរាចរណ៍ក្នុងទីក្រុង ជាពិសេសក្នុងម៉ោងប្រញាប់។
៥.អភិវឌ្ឍន៍សេដ្ឋកិច្ច៖ ព្រលានយន្តហោះក៏មានតួនាទីសំខាន់ក្នុងការលើកកម្ពស់ការអភិវឌ្ឍសេដ្ឋកិច្ច និងបង្កើតឱកាសការងារ។ នៅពេលដែលព្រលានយន្តហោះត្រូវបានសាងសង់នៅឆ្ងាយពីទីក្រុង វាមិនត្រឹមតែជួយកាត់បន្ថយការកកស្ទះក្នុងទីក្រុងប៉ុណ្ណោះទេ ថែមទាំងរួមចំណែកដល់ការអភិវឌ្ឍន៍ជាយក្រុង ប្រែក្លាយវាទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចថ្មី ទាក់ទាញអាជីវកម្ម អភិវឌ្ឍសួនឧស្សាហកម្ម តំបន់ពាណិជ្ជកម្ម និងតំបន់លំនៅដ្ឋាន បង្កើតឱកាសការងាររាប់ពាន់កន្លែងសម្រាប់ប្រជាជនក្នុងតំបន់៕










