ថ្មីៗនេះ ពលរដ្ឋ បានបង្ហាញក្តីបារម្ភ ទាក់ទិននឹងការហក់ឡើងខ្ពស់នៃកំណើនអតិផរណា៦ភាគរយក្នុងខែមករា ឆ្នាំ២០២៥នេះ។
តាមរបាយការណ៍ របស់ធនាគារជាតិនៃកម្ពុជាបានបង្ហាញថា ការកើនឡើងនៃអតិផរណានេះ ជាចម្បងបណ្ដាលមកពីការកើនឡើងថ្លៃក្រុមម្ហូបអាហារ និងភេសជ្ជៈមិនមែនជាតិស្រវឹង និងភោជនីយដ្ឋាន។

យោងតាមការបកស្រាយរបស់ លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានលើកឡើងថា៖” នេះជាតួលេខសន្ទស្សន៍ថ្លៃទំនិញ ខែមករា ឆ្នាំ២០២៥ ធៀបនឹងខែមករា ឆ្នាំ២០២៤ សូមកុំយល់ច្រឡំថា ធៀបនឹងខែធ្នូ ចំពោះអត្រាអតិផរណខែមករា ឆ្នាំ២០២៥ ធៀបនឹងខែធ្នូ ឆ្នាំ២០២៤ មានកម្រិតត្រឹម ០,៣%”។.png)
លោកស្រីបណ្ឌិត បញ្ជាក់ថា៖”អតិផរណាខ្ពស់ គឺដោយសារមានការឡើងថ្លៃនៃម្ហូបអាហារ នាចុងខែមករា ឆ្នាំ២០២៥ គឺចំពេលចូលឆ្នាំប្រពៃណីចិន និងវៀតណាម ស្របពេលដែលមានកំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិ ដែលធ្វើឱ្យថ្លៃម្ហូបអាហារមួយចំនួនឡើងថ្លៃ។
លោកស្រីបណ្ឌិត សង្កត់ធ្ងន់ទៀតថា៖” ចំពោះពាក្យថាសន្ទស្សន៍គឺបានន័យថា ជាការច្របាច់ថ្លៃទំនិញមួយចំនួនចូលគ្នា ដោយឲ្យទម្ងន់ទៅលើថ្លៃទំនិញណាដែលមានសារៈសំខាន់ សម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃច្រើនជាងមុខទំនិញដទៃ ដូច្នេះមិនអាចនិយាយថា ការឡើងថ្លៃ ៦ភាគរយចំពោះគ្រប់ទំនិញនោះទេ”៕










