ប្រទេសថៃ ៖ មហាជនចាប់អារម្មណ៍យ៉ាងខ្លាំងពេញបណ្តាញសង្គមប្រទេសថៃ ក្រោយពីគណនី TikTok ភោជនីយដ្ឋានមួយ ឈ្មោះ @hypnotized.bar នៅផ្លូវចារឺនគ្រុង ទីក្រុងបាងកក បានបង្ហោះវីដេអូស្រីរបាំរាំលាបំណន់មនុស្សយន្ត និងសរសេរថា ៖ «បើកហាងថ្មី ខ្លាចលក់អត់ដាច់ ទើបបន់ស្រន់មនុស្សយន្ត» ។ មហាជនពុំធ្លាប់ឃើញការលាបំណន់មនុស្សយន្តបែបនេះ ពីព្រោះការលាបំណន់ គឺធ្វើឡើងនៅវត្ត និងវត្ថុស័ក្តិសិទ្ធិប៉ុណ្ណោះ ប៉ុន្តែម្ចាស់ភោជនីយដ្ឋានប្រាប់ថា មនុស្សយន្តស័ក្តិសិទ្ធិណាស់ ។
ម្ចាស់ភោជនីយដ្ឋានរៀបរាប់ថា ក្រោយពីខ្លួនបន់ស្រន់ឱ្យមនុស្សយន្ត Optimus Prime ជួយឱ្យរកស៊ីលក់ដូរកាប់កប ស្រាប់តែមានអតិថិជនជាច្រើនចូលហាងពេញៗរាល់ថ្ងៃ ហើយការរកស៊ីពិតជាកាក់កបដូចការបន់ស្រន់មែន ទើបជួលស្រីរបាំមករាំលាបំណន់ និងថ្វាយគ្រឿងដង្វាយដល់មនុស្សយន្ត រហូតមហាជនចាប់អារម្មណ៍បែបនេះ ។
កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ ភ្នាក់ងារសារព័ត៌មាន Thairath បានចុះមកផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ តំបន់សំផាន់ថាវង្ស ទីក្រុងបាងកក ក៏បានឃើញមនុស្សយន្តយ៉ាងធំនៅកណ្តាលចំណុចផ្លូវបំបែកតាឡាតណយ ហើយភ្នាក់ងារសារព័ត៌មានបានសម្ភាសន៍អ្នករស់នៅម្តុំនេះ អំពីការលាបំណន់មនុស្សយន្ត ។
លោក ណុបឌុន ពេជ្រផៃសីទ្ធ អាយុ៤៦ឆ្នាំ ប្រាប់ថា លោកបានជិះម៉ូតូកាត់ម្តុំនេះ ឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ហើយមានអ្នកផ្សេងទៀតយកដង្វាយមកថ្វាយជាបន្តបន្ទាប់ ប៉ុន្តែតាមធម្មតា មានតែអ្នកមកថតរូបប៉ុណ្ណោះ ពុំធ្លាប់លាបំណន់ទេ ។ លោកពុំដឹងថា គេបន់ស្រន់រឿងអ្វី ឬអាចចង់ល្បីក្នុងបណ្តាញសង្គម ។
រីឯលោក កៅលីន ថាំម៉ារ៉ាត់ឆ័យ អាយុ៤២ឆ្នាំ និយាយថា លោកបានឃើញស្រីរបាំរាំលាបំណន់មនុស្សយន្ត ពិតជាប្លែកណាស់ ពីព្រោះលោកធ្លាប់តែឃើញគេលាបំណន់នៅវត្ត ។ ប៉ុន្តែមនុស្សម្នាក់ៗមានជំនឿខុសគ្នា ពេលខ្លះ ភោជនីយដ្ឋាននេះគ្រាន់តែចង់ល្បី ដើម្បីទទួលបានអតិថិជនច្រើន ។.png)
មតិភាគច្រើនយល់ថា វាអាចជាការបង្កើតវីដេអូ Content ទាក់ទាញការចាប់អារម្មណ៍ពីភ្ញៀវទេសចរជាតិ និងអន្តរជាតិមកថតរូបនៅតំបន់នេះ ដើម្បីឱ្យសេដ្ឋកិច្ចថៃកើនឡើង ។
ក្រោយមក ភ្នាក់ងារសារព័ត៌មានក៏បានជជែកជាមួយម្ចាស់ភោជនីយដ្ឋាន Hypnotized – Talat Noi ហើយម្ចាស់ភោជនីយដ្ឋានប្រាប់ថា ការពិត នេះជាវីដេអូកំប្លែងជាមួយបុគ្គលិក ។ ពេលមកទីនេះដំបូង បានឃើញគេថ្វាយកម្រងផ្កា និងភេសជ្ជៈផ្អែមដល់មនុស្សយន្ត ទើបចង់ធ្វើដែរ ដោយសារភោជនីយដ្ឋានពុំមានហុងស៊ុយ ប៉ុន្តែពេលធ្វើរួចឃើញថា អតិថិជនចូលហាងពេញៗរាល់ថ្ងៃ ។
ចុងក្រោយ ម្ចាស់ភោជនីយដ្ឋានប្រាប់ថា ចង់ឱ្យភ្ញៀវទេសចរមកលេងនៅផ្លូវចារឺនគ្រុង សង្កាត់តាឡាតណយ ឱ្យបានច្រើន ពីព្រោះម្ហូបអាហារនៅទីនេះឆ្ងាញ់ៗ និងមានបរិយាកាសល្អ ៕










