ប្រទេសចិន ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ក្រុមអ្នកជំនាញចិនបានប្រើប្រាស់បច្ចេកទេសកែសម្រួលហ្សែនដើម្បីបង្កើតពូជស្រូវថ្មី ដែលអាចផលិតសារធាតុ CoQ10 សម្រាប់ប្រឆាំងនឹងអុកស៊ីតកម្ម ។ អ្នកបរិភោគស្រូវថ្មីនេះនឹងទទួលបានសារធាតុចិញ្ចឹមរាងកាយដែលផ្តល់ប្រយោជន៍ដល់បេះដូងយ៉ាងខ្លាំង ។

CoQ10 គឺជាសារធាតុប្រឆាំងនឹងអុកស៊ីតកម្ម ដែលរាងកាយរបស់មនុស្សអាចផលិតដោយខ្លួនឯង ហើយវាមានសារៈសំខាន់សម្រាប់សុខភាពទូទៅ ជាពិសេស សុខភាពបេះដូង ។ ប៉ុន្តែពេលមនុស្សមានអាយុកាន់តែច្រើន សមត្ថភាពរាងកាយក្នុងការផលិតសារធាតុប្រឆាំងនឹងអុកស៊ីតកម្មរលាយក្នុងខ្លាញ់នេះកាន់តែធ្លាក់ចុះបន្តិចម្តងៗ ។ ដូច្នេះ អ្នកជំនាញចិនក៏បានបង្កើតពូជស្រូវថ្មីនេះឡើង ដែលវាអាចផលិតសារធាតុ CoQ10 ប្រឆាំងនឹងអុកស៊ីតកម្ម និងជួយសុខភាពបេះដូង ។
អ្នកជំនាញចិនបញ្ជាក់ថា មនុស្សចាស់គួរតែបរិភោគអាហារណាដែលផ្តល់នូវសារធាតុចិញ្ចឹមមានប្រយោជន៍សម្រាប់រាងកាយជាប្រភេទគ្រាប់ធញ្ញជាតិ ដូចជា ៖ បាយ ព្រមទាំងបន្លែ និងផ្លែឈើមួយចំនួនដែលមានសារធាតុ CoQ10 ច្រើន ។
ក្រោយការវិភាគពីការប្រែប្រួលធម្មជាតិរបស់ Coenzyme Q1 enzyme ក្នុងពូជស្រូវជាង១,០០០ពូជ និងប្រើប្រាស់បច្ចេកទេសរៀនសូត្ររបស់ម៉ាស៊ីន ML រួចមក អ្នកស្រាវជ្រាវចិនបានកែសម្រួលហ្សែនដើម្បីកែប្រែអាស៊ីតអាមីណូសំខាន់ចំនួន៥ របស់ Coenzyme Q1 ក្នុងគ្រាប់អង្ករ ដើម្បីបង្កើតពូជស្រូវថ្មីដែលគ្មានផលប៉ះពាល់ដល់ផលិតកម្មស្រូវ ។
អ្នកស្រាវជ្រាវចិនក៏បានប្រើប្រាស់បច្ចេកវិទ្យា AI ក្នុងការបង្កើតពូជស្រូវថ្មីផងដែរ ។ លើសពីនេះ ពួកគេបានធ្វើការស្រាវជ្រាវមានលក្ខណៈស្រដៀងគ្នានេះ និងអាចបង្កើតពូជស្រូវសាឡីថ្មី ។
គួរបញ្ជាក់ថា ក្រុមអ្នកស្រាវជ្រាវបង្កើតពូជស្រូវថ្មី រួមមាន ៖ អ្នកស្រាវជ្រាវមកពីមជ្ឈមណ្ឌលឧត្តមភាពផ្នែកវិទ្យាសាស្ត្រម៉ូលេគុលកោសិការុក្ខជាតិ, មជ្ឈមណ្ឌលស្រាវជ្រាវសៀងហៃ ចេនសាន ព្រមទាំងវិទ្យាស្ថានហ្សែន និងជីវវិទ្យាអភិវឌ្ឍន៍នៅទីក្រុងប៉េកាំង ។ ការបង្កើតពូជស្រូវថ្មីរបស់អ្នកជំនាញចិន ត្រូវបានផ្សព្វផ្សាយដោយទស្សនាវដ្តី Cell កាលពីថ្ងៃទី១៤ ខែកុម្ភៈ កន្លងមក ៕










