ពិតជាមិនធម្មតាបន្ទាប់ពីជោគជ័យលើអាជីពលើសលុបពេលនេះ Lisa សមាជិក BLACKPINK ត្រូវបានអ្នករៀបចំកម្មវិធីបាននិយាយថារូបនាងនឹងសម្តែងក្នុងកម្មវិធី Oscars ដែលធ្វើឡើងនៅថ្ងៃទី២ ខែមីនា ក្នុងទីក្រុង Los Angeles សហរដ្ឋអាម៉េរិក ដែលត្រូវនឹងព្រឹកថ្ងៃទី៣ ម៉ោងនៅកម្ពុជា។ ក្នុងដំណើរនេះ Lisa គឺជាតារា K-pop ដំបូងគេដែលបានសម្តែងក្នុងកម្មវិធីពានរង្វាន់ដ៏ធំមួយនេះ។

យោងតាម Variety បានឱ្យដឹងថាក្រៅពី Lisa នៃសមាជិក BLACKPINK ចូលរួម សិល្បករមួយចំនួនទៀតដូចជា Ariana Grande, Doja Cat, Queen Latifah និង Raye នឹងចូលរួមក្នុងការសម្តែងកិត្តិយសដល់សហគមន៍ផលិតភាពយន្ដ និងរឿងព្រេងភាពយន្ត។ទោះយ៉ាងណា Academy មិនទាន់បានប្រកាសពីបទចម្រៀងដែលពួកគេ សម្ដែងនៅឡើយទេ។ ដំណឹងនេះបានធ្វើឱ្យអ្នកគាំទ្រទូទាំងពិភពលោករបស់ Lisa មានការរំភើបចិត្តជាខ្លាំងដែលអាជីពតន្រ្តីរបស់ Lisa កាន់តែមានកត្តិនាម។
ពានរង្វាន់ Oscars គឺជាពានរង្វាន់ប្រចាំឆ្នាំរបស់ Academy of Motion Picture Arts and Sciences ដែលជាព្រឹត្តិការណ៍ភាពយន្តដ៏ល្បីល្បាញបំផុតមួយនៅក្នុងពិភពលោក។ ពានរង្វាន់ Academy Awards លើកទី ៩៧ ត្រូវបានរៀបចំឡើងដោយតារាកំប្លែង Conan O’Brien ។ នៅឆ្នាំនេះ ព្រឹត្តិការណ៍នេះនឹងមិនបង្ហាញបទចម្រៀងដែលត្រូវបានជ្រើសរើសសម្រាប់បទចម្រៀង Original Song ល្អបំផុតនោះទេ ប៉ុន្តែផ្តោតលើរឿងនៅពីក្រោយឆាកពីតន្ត្រីករ និងក្រុមច្នៃប្រឌិតនៅពីក្រោយបទចម្រៀង។ ពិធីប្រគល់ពានរង្វាន់ឆ្នាំនេះបានបង្ហាញពីការគោរពចំពោះទីក្រុង Los Angeles ថាជា «ទីក្រុងនៃក្តីសុបិន» បន្ទាប់ពីវាត្រូវបានបំផ្លិចបំផ្លាញដោយភ្លើងឆេះព្រៃកាលពីខែមករា។
Lisa មានអាយុ ២៨ឆ្នាំ ជាសមាជិក BLACKPINK ដែលមានដើមកំណើតថៃ។ នាងគឺជាតារាអាស៊ីដែលមានអ្នកតាមដានច្រើនបំផុតនៅលើ Instagram ។ តារាចម្រៀងរូបនេះបច្ចុប្បន្នជានាយកប្រតិបត្តិនៃក្រុមហ៊ុន LLOUD ដែលជាក្រុមហ៊ុនដែលនាងបានបង្កើត ប្រតិបត្តិការក្នុងវិស័យម៉ូត ភាពយន្ត និងតន្ត្រី។ អាល់ប៊ុមដំបូងរបស់នាង Alter Ego គ្រោងនឹងចេញនៅថ្ងៃទី ២៨ ខែកុម្ភៈ។ ក្រៅពីអាជីពរបស់នាង ជីវិតផ្ទាល់ខ្លួនរបស់នាងវិញគឺមានពាក្យចចាមអារ៉ាមរាប់ឆ្នាំមកហើយថាកំពុងមានទំនាក់ទំនងជាមួយពាណិជ្ជករ Frédéric Arnault ដែលជាកូនប្រុសរបស់មហាសេដ្ឋី Bernard Arnault ៕










