សត្វដាយណូស័រ បានផុតពូជអស់រយៈពេល ៦៦ លានឆ្នាំហើយ ប៉ុន្តែប្រសិនបើពួកវានៅមានជីវិត តើនឹងមានរឿងអ្វីខ្លះកើតឡើង?
យោងតាមការចុះផ្សាយរបស់សារព័ត៌មានបរទេស Live Science សត្វដាយណូស័រធ្លាប់រស់នៅលើភពផែនដីប្រហែល ១៦៥ លានឆ្នាំ។ ប៉ុន្តែជាអកុសលវាបានស្លាប់ផុតពូជដោយសារអាចម៍ផ្កាយទំហំ ១៥ គីឡូម៉ែត្រ បានធ្លាក់ចូលទៅក្នុងប្រទេសម៉ិកស៊ិក បង្កឱ្យមានរលកយក្សស៊ូណាមិ ភ្លើងឆេះព្រៃ និងភ្លៀងអាស៊ីត ដោយបន្សល់ទុកនូវធូលីជាច្រើនដែលបិទបាំងព្រះអាទិត្យ ធ្វើឱ្យសត្វធំៗប្រហែល ៧៥% នៅលើផែនដីរួមទាំងដាយណូស័របានផុតពូជអស់ក្នុងរយៈពេលប៉ុន្មានខែនៃផលប៉ះពាល់នេះ។.png)
ទោះជាយ៉ាងណាប្រសិនបើអាចម៍ផ្កាយដ៏ធំនោះមិនបានធ្លាក់មកបុកផែនដី តើនឹងមានរឿងអ្វីខ្លះកើតឡើងនាពេលបច្ចុប្បន្ននេះ? តើដាយណូស័រអាចនឹងបន្តគ្រប់គ្រងភពផែនដីរហូតដែរឬទេ? តើមនុស្សយើងអាចរួចផុតពីយុគសម័យទឹកកក ហើយអាចវិវឌ្ឍខ្លួនក្លាយជាមនុស្សឆ្លាតមកដល់សព្វថ្ងៃនេះទេ?
យោងតាមលោក Steve Brusatte សាស្ត្រាចារ្យផ្នែកបុរាណវិទ្យានៅសាកលវិទ្យាល័យ Edinburgh បានឱ្យដឹងថា ដាយណូស័រអាចបន្តវិវឌ្ឍ និងគ្រប់គ្រងផែនដីរហូតមកដល់បច្ចុប្បន្ន ប្រសិនបើសត្វនេះមិនទាន់ផុតពូជ។ សាស្ត្រាចារ្យរូបនេះ បានបន្តទៀតថា ពួកគេបានរស់រានមានជីវិត និងសម្របខ្លួនតាមរយៈការកើនឡើង និងការធ្លាក់ចុះកម្រិតទឹកសមុទ្រ ១៦៥ លានឆ្នាំ ហើយសីតុណ្ហភាពកើនឡើង និងការផ្ទុះភ្នំភ្លើង នឹងរារាំងបុព្វបុរសថនិកសត្វរបស់យើងពីការវិវត្តដូចដែលពួកគេបានធ្វើ។
នេះមានន័យថា ពិភពលោករបស់យើងនឹងមិនអាចអភិវឌ្ឍជឿនលឿន ដូចសព្វថ្ងៃនេះឡើយ។ ប្រសិនបើអាចម៍ផ្កាយមិនបុកផែនដី ហើយដាយណូស័រមិនទាន់ផុតពូជ ការវិវត្តរបស់ថនិកសត្វផ្សេងៗទៀតអាចរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ង។ យោងតាមលោក Brusatte ប្រសិនបើដាយណូស័រធំៗបានរស់រានមានជីវិត ថនិកសត្វតូចៗដូចជាសត្វកណ្ដុរនឹងមិនមានឱកាសវិវត្តន៍ធំជាងនេះនោះទេ។ លោកជឿថាថនិកសត្វភាគច្រើន ឬទាំងអស់នឹងនៅតែតូចអស់រយៈពេលរាប់លានឆ្នាំ ឬច្រើនជាងនេះ។
ខណៈពេលដែលថនិកសត្វតូចៗជាច្រើនមិនបានវិវត្តន៍ មនុស្សក៏ទំនងជាមិនវិវត្តន៍ទៅមុខដែរ នេះបើយោងតាមលោក Paul Sereno អ្នកជំនាញខាងបុរាណវិទ្យា និងជាសាស្រ្តាចារ្យផ្នែកជីវវិទ្យានៅសាកលវិទ្យាល័យ Chicago។ Paul Sereno បាននិយាយថា មនុស្សអាចវិវត្តន៍នៅក្នុងពិភពថនិកសត្វប៉ុណ្ណោះ ហើយវាមិនអាចកើតឡើងជាមួយដាយណូស័រទេ ដោយសារដាយណូស័រជាសត្វប្រកួតប្រជែងខ្លាំង។ ដូច្នេះការស្លាប់របស់ដាយណូស័រ គឺជាការផ្តល់ឱកាសដល់បុព្វបុរសរបស់យើងក្នុងការរីកលូតលាស់ និងវិវឌ្ឍនាពេលអនាគត នេះបើយោងតាមការសិក្សាឆ្នាំ ២០២១៕










