ប្រទេសថៃ ៖ កាលពីថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា ប៉ូលិសអន្តោប្រវេសន៍ថៃបានឃា.ត់ ខ្លួនបុរសម្នាក់ជាកូនកាត់ថៃ-ឥណ្ឌា ករណីយកក្រដាសប្រាក់បាតថៃ ស្មើជាង១៥លានបាត ពីប្រទេសកម្ពុជាឆ្លងដែនចូលទឹកដីថៃ ។ បុរសរូបនេះសារភាពថា ប្រាក់ទាំងអស់ គឺខ្លួនបានពីការលេងល្បែងឈ្នះនៅកាស៊ីណូមួយកន្លែងក្នុងទីក្រុងប៉ោយប៉ែត ។
.png)
បុរសខាងលើបានស្ពាយកាបូបយ៉ាងធំឆ្លងដែនពីប្រទេសកម្ពុជា ចូលមកទឹកដីថៃ ប៉ុន្តែដោយសារសង្ស័យ ប៉ូលិសអន្តោប្រវេសន៍នៅខេត្តស្រះកែវ ក៏បានឃាត់ខ្លួនសាកសួរពីប្រវត្តិរូប គឺបុរសរូបនេះជាកូនកាត់ថៃ-ឥណ្ឌា អាយុ៤៧ឆ្នាំ និងមានផ្ទះស្នាក់នៅក្នុងទីក្រុងបាងកក ។ បន្ទាប់មក ប៉ូលិសអន្តោប្រវេសន៍បានត្រួតពិនិត្យកាបូបស្ពាយដ៏ធំនេះ ហើយពេលបើកកាបូប ធ្វើឱ្យប៉ូលិសភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារមានប្រាក់រហូតដល់ជាង១៥លានបាតក្នុងនោះ ។
តាមការសាកសួរជំហ៊ានដំបូង បុរសកូនកាត់សារភាពថា ប្រាក់ទាំងអស់ គឺខ្លួនបានពីការលេងល្បែងឈ្នះនៅកាស៊ីណូមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ប្រទេសកម្ពុជា ។ ប៉ុន្តែប៉ូលិសអន្តោប្រវេសន៍ថៃពុំជឿទេ ដោយសារបុរសនេះបានលួចយកក្រដាសប្រាក់បាតថៃចូលទឹកដីថៃយ៉ាងច្រើន ដោយគ្មានការជូនដំណឹងទៅមន្ត្រីគយ ។ ដូច្នេះ ប៉ូលិសសន្និដ្ឋានថា វាជាប្រាក់បានមកពីការប្រព្រឹត្តទង្វើខុសច្បាប់ និងអាចពាក់ព័ន្ធជាមួយការឆបោកតាមអនឡាញ ។
ប៉ូលិសអន្តោប្រវេសន៍ថៃបានចោទប្រកាន់បុរសកូនកាត់ពីបទលួចនាំចូលប្រាក់បាតដោយគ្មានការជូនដំណឹងទៅមន្ត្រីគយ ។ បច្ចុប្បន្ន ប៉ូលិសអន្តោប្រវេសន៍កំពុងតែស៊ើបអង្កេតបន្ថែមទៀត ដើម្បីចាត់ការបុរសនេះតាមផ្លូវច្បាប់ ។ 
ប៉ូលិសអន្តោប្រវេសន៍ឱ្យដឹងថា ការយកក្រដាសប្រាក់បាតឆ្លងដែនយ៉ាងច្រើនសន្ធឹកសន្ធាប់បែបនេះ គឺល្មើសនឹងមាត្រា២៤២ នៃច្បាប់គយ ឆ្នាំ២០១៧ ព្រមទាំងល្មើសនឹងសេចក្តីប្រកាសរបស់ក្រសួងហិរញ្ញវត្ថុ ៕










