មិត្តភាពជាង១០ឆ្នាំមានទាំងផ្អែមមានទាំងប្រៃ ប៉ុន្តែ ទេព បូព្រឹក្ស និង ពេជ្រ សូលីកា មិនបោះបង់គ្នាចោលនោះទេទោះបីប្រឈមមុខនឹងបញ្ហារៀងខ្លួនក៏ដោយ ខណៈ ទេព បូព្រឹក្ស បានទៅលើកទឹកចិត្តជូនបាច់ផ្កាដ៏ធំទៅដល់ ពេជ្រ សូលីកា ក្នុងការប្រគំតន្រ្តីទោលលើកដំបូង។
ថ្មីៗនេះតារាចម្រៀង ពេជ្រ សូលីកា បានបញ្ចប់ការប្រគំតន្រ្តីទោលរបស់ខ្លួនលើកដំបូងប្រកបដោយភាពជោគជ័យមានទាំងអ្នកសិល្បៈនិងអ្នកគាំទ្រជាច្រើនចូលរួមសេដទាំងអស់គ្នា។ សំបុត្រការប្រគំតន្រ្តីរបស់តារាចម្រៀង ពេជ្រ សូលីកា គឺបានសាងប្រវត្តិសាស្រ្តសម្រាប់តារាចម្រៀងក្នុងស្រុកដែលឈានដល់១៤៩ដុល្លារសម្រាប់សំបុត្រ VIP លើសកំណត់ត្រាកំពូលតារាចម្រៀងក្នុងស្រុកចំនួន២រូប។
តាមរយៈវីដេអូហ្វេនៗដែលចូលរួមចែករំលែកនៅលើបណ្តាញសង្គមក្នុងកម្មវិធីប្រគំតន្រ្តីរបស់ ពេជ្រ សូលីកា គឺមានការចូលរួមស៊ុបប្រាយពីរៀមច្បង យក់ ថិតរដ្ឋា រួមទាំងតារាចម្រៀង ស៊ូ លីផេង រួមទាំងការច្រៀងជាមួយប្អូនស្រីរបស់នាងផងដែរហើយកម្លាំងចិត្តសំខាន់មួយទៀតចំពោះនាងគឺជាកូនប្រុសបណ្តូលចិត្តក៏បានទៅចូលការប្រគំតន្រ្តីម៉ាក់ៗដូចគ្នា។ 
ក្នុងនោះចំពោះមិត្តភាពវិញ ពេជ្រ សូលីកា ទទួលបានការស៊ុបប្រាយពីតារាចម្រៀង ទេព បូព្រឹក្ស ដោយនាងបានកាន់បាច់ផ្កាកុលាបពណ៌ក្រហមដ៏ធំនិងស្រស់ស្អាតជូនពួកម៉ាកនៅលើឆាកប្រគំតន្រ្តី។ 
គួរឱ្យដឹងថា កន្លងមកនេះ ទេព បូព្រឹក្ស ធ្លាប់បង្ហាញទស្សនិកជនដោយមិនលាក់លៀមដែរថានាងនិង ពេជ្រ សូលីកា ជាមិត្តភក្តិសម្លាញ់ជាង១០មកហើយ មានទាំងមិននិយាយរកគ្នាទៀត តែពេលនេះមានកូនរៀងៗខ្លួន ចាស់ចិត្តចាស់គំនិតលែងងរងក់ដាក់គ្នាហើយ៕










