ប្រទេសថៃ ៖ កាលពីថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា នាយករដ្ឋមន្ត្រីថៃបានអរគុណដល់សមត្ថកិច្ចថៃ ដែលបានសហការជាមួយសមត្ថកិច្ចកម្ពុជា ជួយរំដោះពលរដ្ឋថៃ និងបរទេសពីក្រុមឆបោ.កអនឡាញក្នុងអគារមួយកន្លែងនៅទីក្រុងប៉ោយប៉ែត ។ សមត្ថកិច្ចថៃឱ្យដឹងថា ក្រុមឆបោ.កអនឡាញជនជាតិចិនបានជួលអគារដើម្បីបោ.កប្រាស់តាមអនឡាញ និងលួងលោមពលរដ្ឋថៃឱ្យមកធ្វើការនៅទីនេះ ។
លោក ជិរ៉ាយុទ្ធ ហួងសាប់ ទីប្រឹក្សានាយករដ្ឋមន្ត្រីថៃ ឱ្យដឹងថា លោកស្រី ផេថងថាន ស៊ីណាវ៉ាត់ បានទទួលដំណឹងពីសមត្ថកិច្ចកម្ពុជា និងថៃ ចុះត្រួតពិនិត្យអគារមួយនៅទីក្រុងប៉ោយប៉េត និងជួយរំដោះពលរដ្ឋថៃ និងបរទេស ជាច្រើននាក់ចេញពីអគារនេះ ។ លោកស្រីបានអរគុណដល់កម្លាំងសមត្ថកិច្ច និងមន្ត្រីពាក់ព័ន្ធទាំងអស់ដែលប្រឹងប្រែងលុបបំបាត់ក្រុមឆបោកអនឡាញ ក្រោយពីរដ្ឋាភិបាលថៃស្នើសុំការសហការដោះស្រាយបញ្ហាក្រុមឆបោកអនឡាញជាមួយកម្ពុជា ។ លោកស្រីនាយករដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីគ្រប់ស្ថាប័នពាក់ព័ន្ធត្រៀមខ្លួនទទួលពលរដ្ឋថៃត្រឡប់មកវិញ ព្រមទាំងត្រួតពិនិត្យអត្តសញ្ញាណឱ្យបានលម្អិត ។
ក្រោយពីទទួលដំណឹងថា មានពលរដ្ឋថៃមួយចំនួនត្រូវបានក្រុមឆបោកអនឡាញលួងលោមឱ្យមកធ្វើការនៅអគារកម្ពស់៣ជាន់ ក្នុងទីក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ស្ថិតនៅទល់មុខច្រកព្រំដែនឃ្លងលឹកផ្សាររុងក្លឿ ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ កម្លាំងសមត្ថកិច្ចថៃបានទំនាក់ទំនងជាមួយសមត្ថកិច្ចកម្ពុជា និងដឹកនាំកម្លាំងចុះត្រួតពិនិត្យអគារនេះដើម្បីរំដោះជនរងគ្រោះចេញពីអគារ ។ នេះបើតាមការលើកឡើងរបស់សមត្ថកិច្ចថៃ ។

សមត្ថកិច្ចកម្ពុជា និងថៃ បានរំដោះជនបរទេសចំនួន២១៥នាក់ ក្នុងនោះមានជនជាតិថៃ ១០៩នាក់ (ស្រី៥៤នាក់) ។ ក្រៅពីនេះ មានជនជាតិតៃវ៉ាន់ ៥នាក់, ប៉ាគីស្ថាន ៥០នាក់, ឥណ្ឌូណេស៊ី ៣នាក់ និងឥណ្ឌា ៤៨នាក់ ។ សមត្ថកិច្ចថៃសន្និដ្ឋានថា ក្រុមឆបោកអនឡាញជនជាតិចិនបានបោកប្រាស់តាមអនឡាញជាទ្រង់ទ្រាយធំក្នុងប្រទេសទាំងពីរ ។
នៅព្រឹកថ្ងៃទី២៣ ខែកុម្ភៈ សមត្ថកិច្ច និងមន្ត្រីកុងស៊ុលថៃបានធ្វើដំណើរទៅកាន់បរិវេណព្រំដែនឃ្លងលឹក ដើម្បីតាមដានស្ថានការណ៍នេះ និងរៀបចំឯកសារស្រាវជ្រាវប្រវត្តិរូបរបស់ពលរដ្ឋថៃទាំង១០៩នាក់ និងសាកសួរផ្ទាល់មាត់ថា តើពួកគេជាជនរងគ្រោះ ឬជាបក្ខពួករបស់ក្រុមឆបោកអនឡាញ?










