ថ្មីៗនេះ មានករណី ពលរដ្ឋម្នាក់បានដេកននៀលដីយំស្រែក ក្រោយពីទទួលសេវាព្យាបាលនៅ មន្ទីរសម្រាកព្យាបាល សុខ ចិត្ត ដោយបានស្រែកថា៖” ពេទ្យគ្មានគុណធម៌! ចូលមួយភ្លែតជិតមួយលានរៀល ហើយដេញឱ្យទៅពេទ្យធំ”។
ពាក់ព័ន្ធនឹងករណីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ បានចាត់តាំងក្រុមការងារចុះស្រាវជ្រាវ ភ្លាមៗ ដោយជាលទ្ធផលឃើញថាមិនមែនជាបញ្ហាពាក់ព័ន្ធនឹងតម្លៃសេវាដូចក្នុងវីដេអូផ្សព្វផ្សាយនោះទេ។
មន្ទីរសុខាភិបាល បានបញ្ជាក់ថា៖”អ្នកជំងឺ និងក្រុមគ្រួសារបានយល់ ព្រមទទួលសេវាពិនិត្យធ្វើរោគវិនិច្ឆ័យ និងការព្យាបាលតាមតម្លៃសេវា ហើយគ្លីនិកបានចេញវិក្កយបត្របង់ប្រាក់ជូនពួក គាត់ និងបានយល់ព្រមបង់ថ្លៃសេវារួចក៏ចាកចេញ ដោយពុំមែនគ្រូពេទ្យដេញឱ្យទៅព្យាបាលនៅមន្ទីរពេទ្យធំនោះទេ។ នៅពេលចេញដល់ខាងមុខមន្ទីរសម្រាកព្យាបាល មាននគរបាល ២រូប បានសុំស្ត្រីខាងលើដើម្បីទៅធ្វើការបំភ្លឺនៅប៉ុស្តិ៍ នគរបាលជុំវិញករណីជម្លោះមានអំពើហិង្សា ប៉ុន្តែគាត់មិនព្រមសហការជាមួយសមត្ថកិច្ច ទើបមានឧបាយកលធ្វើជាដេកននៀលយំស្រែកដូចរូបភាពក្នុងវីដេអូ”។
បន្ថែមពីនេះ មន្ទីរសុខាភិបាល នៃរដ្ឋបាលរាជធានីភ្នំពេញ ទទូចស្នើសុំដល់ម្ចាស់គណនីបណ្តាញសង្គមដែលមានឈ្មោះ នាគ ដែក សូមលុបចោលនូវវីដេអូ ដែលធ្វើឱ្យប៉ះពាលសេចក្តីថ្លៃថ្នូរវិស័យសុខាភិបាល នៃព្រះរាជាណាចក្រកម្ពុជា៕










