ប្រទេសប្រេស៊ីល ៖ កាលពីថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា ពលរដ្ឋជាង១,២០០នាក់ ដែលរស់នៅទីក្រុងភាគឦសានតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល បានរងគ្រោះដោយសារព្រះធរណីស្រូបផ្ទះសម្បែង និងអគារអស់រយៈពេលជាច្រើនសប្តាហ៍ ។ វាបណ្តាលមកពីភ្លៀងធ្លាក់យ៉ាងខ្លាំងធ្វើឱ្យដីក្នុងទីក្រុងនេះទន់ជ្រាយ និងបាក់ស្រុតក្លាយជារណ្តៅធំៗជាច្រើនកន្លែង ។

រយៈពេលជាច្រើនសប្តាហ៍មកនេះ ផ្ទៃដីនៅទីក្រុង Buriticupu ខេត្ត Maranhao ស្ថិតនៅភាគឦសានតំបន់អាម៉ាហ្សូន ប្រទេសប្រេស៊ីល បានបាក់ស្រុតបន្តិចម្តងៗក្លាយជារណ្តៅធំៗជាច្រើនកន្លែង ហើយរណ្តៅនីមួយៗមានជម្រៅជាច្រើនម៉ែត្រ ។ ហេតុនេះ សាលាក្រុងបានប្រកាសអាសន្នថា មានពលរដ្ឋប្រមាណ ១,២០០នាក់ កំពុងស្ថិតក្នុងស្ថានភាពគ្រោះថ្នាក់ ដោយសារផ្ទះរបស់ពួកគេបាក់ធ្លាក់ចូលក្នុងរណ្តៅជ្រៅៗ ខណៈទីក្រុងនេះ មានពលរដ្ឋរស់នៅចំនួន៥៥,០០០នាក់ ។.png)
ការប្រកាសអាសន្នរបស់សាលាក្រុង Buriticupu កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៥ បញ្ជាក់ថា រយៈពេលជាច្រើនខែមកនេះ រណ្តៅដីជ្រៅៗទាំងអស់កាន់តែមានទំហំធំឡើង រហូតធ្វើឱ្យអគារ និងផ្ទះសម្បែងពលរដ្ឋជាច្រើនខ្នងបាក់ធ្លាក់ចូលក្នុងរណ្តៅជាបន្តបន្ទាប់ ។

អ្នកស្រុកវ័យចំណាស់ម្នាក់ដែលរស់នៅទីក្រុង Buriticupu អស់រយៈពេលជាង២០ឆ្នាំ និយាយថា ដីនឹងបាក់ស្រុតបន្ថែមទៀត ដោយសារភ្លៀងធ្លាក់ខ្លាំងពេកធ្វើឱ្យដីទន់ជ្រាយ ។ រីឯមន្ត្រីសាលាក្រុងឱ្យដឹងថា អាជ្ញាធរគ្មានវិធានការដោះស្រាយបញ្ហាព្រះធរណីស្រូបផ្ទះសម្បែងពលរដ្ឋទេ ប៉ុន្តែសូមពលរដ្ឋតាមដានស្ថានការណ៍ឱ្យបានដិតដល់ ។
គួរបញ្ជាក់ថា ទីក្រុងនេះមានបញ្ហាដីបាក់ស្រុតក្លាយជារណ្តៅធំៗជាច្រើនកន្លែងកាន់តែញឹកញាប់ ហើយវាបានកើតឡើងអស់រយៈពេល៣០ឆ្នាំហើយ ។ អ្នកជំនាញសន្និដ្ឋានថា គឺបណ្តាលមកពីមូលហេតុជាច្រើន ដូចជា ៖ ការកាប់បំផ្លាញព្រៃឈើ, ទឹកភ្លៀងហូរច្រោះដីខ្សាច់ និងការសាងសង់អគារគ្មានផែនការច្បាស់លាស់ ហើយដីនឹងបាក់ស្រុតកាន់តែខ្លាំងពេលភ្លៀងធ្លាក់ ៕










