នៅលើប្រព័ន្ធផ្សព្វផ្សាយជាច្រើនបានរាយការណ៍ថាតារាចម្រៀងនិងសម្តែងចិន Lu Han អតីតសមាជិកក្រុម EXO និងតារាស្រី Guan Xiaotong កំពុងមានពាក្យចចាមអារ៉ាមថាបែកគ្នាហើយតាំងពីចុងឆ្នាំ២០២៤។ អ្នកទាំងពីរបានបង្ហាញទំនាក់ទំនងជាសាធារណៈក្នុងឆ្នាំ២០១៧ ខណៈដើមឆ្នាំ២០២៥ វេទិកាប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមនៅក្នុងប្រទេសចិនរបស់ Lu Han ក៏ត្រូវបាន Banned ព្រោះតែបង្ហាញអាកប្បកិរិយាមិនសមរម្យពេល Live។ 
ចាប់តាំងពី Lu Han និង Guan Xiaotong បង្ហាញទំនាក់ទំនងរបស់ពួកគេជាសាធារណៈមក ពួកគេទទួលបានចាប់អារម្មណ៍យ៉ាងខ្លាំងហើយត្រូវជំនះឧបសគ្គជាមួយគ្នាពីហ្វេនៗដែលមិនពេញចិត្តចំពោះទំនាក់ទំនងនេះ រហូតមានការទទួលយកទំនាក់ទំនងនេះបន្តិចម្តងៗ ហើយមនុស្សជាច្រើនថែមទាំងទន្ទឹងរង់ចាំអ្នកទាំងពីរចូលរោងការ។ ប៉ុន្តែថ្មីៗនេះ មានពាក្យចចាមអារ៉ាមកាន់តែច្រើនឡើងអំពីការបែកគ្នាខណៈថ្មីៗនេះ អ្នកនិយមលេងអ៊ីនធឺណិតម្នាក់បានបង្ហោះលើ Xiaohongshu ថាអ្នកទាំងពីរបានបែកគ្នាកាលពីខែធ្នូ ឆ្នាំ២០២៤។
អ្នកបង្ហោះនោះបាននិយាយថា Lu Han និង Guan Xiaotong បានបែកបាក់គ្នា ហើយបាននិយាយថាមិត្តរបស់ពួកគេមាន WeChat របស់ Guan Xiaotong ហើយ Guan Xiaotong ខ្លួនឯងផ្ទាល់បាននិយាយនៅក្នុងរង្វង់មិត្តភក្តិរបស់នាងថាពួកគេបានបែកគ្នា ហើយការបែកបាក់បានកើតឡើងកាលពីខែធ្នូ ឆ្នាំ២០២៤ ដែលគួរឱ្យភ្ញាក់ផ្អើលផងដែរ។ ទន្ទឹមនឹងនោះ ការគិតអំពីស្ថានភាពរបស់ Lu Han នៅក្នុងការ Live កាលពីខែធ្នូ ឆ្នាំ២០២៤ វាហាក់ដូចជាបញ្ជាក់ពីពាក្យចចាមអារ៉ាមនេះ។
ទោះបីជាយ៉ាងណាក៏ដោយ ទាំង Guan Xiaotong និង Lu Han មិនទាន់បានឆ្លើយតបនៅឡើយទេ ហើយគេនៅមិនទាន់ដឹងថា ពួកគេបានបែកបាក់គ្នាឬយ៉ាងណានោះទេ។ ប៉ាប៉ារ៉ាស៊ីម្នាក់ឈ្មោះ Wang Dafa ក៏បានលើកឡើងពីស្ថានភាពបច្ចុប្បន្នរបស់ Lu Han និង Guan Xiaotong ដោយនិយាយថាទំនាក់ទំនងរវាងអ្នកទាំងពីរពិតជាបានផ្លាស់ប្តូរ ហើយពួកគេនឹងមិនរៀបការក្នុងពេលឆាប់ៗនេះទេ។ 
អ្នកមួយចំនួនថែមទាំងបង្ហាញព័ស្តុតាងនៃការបែកបាក់របស់ពួកគេ ដោយបាននិយាយថាអ្នកទាំងពីរមិនបានបង្ហាញរូបគូអស់រយៈពេលជិត ១០ ខែមកហើយ ហើយ Guan Xiaotong មិនបានឃើញ Lu Han មកថ្ងៃកំណើតរបស់នាងទេ ហើយអ្នកទាំងពីរមិនមានវត្តមានរួមគ្នា ក្នុងអំឡុងពេលធ្វើដំណើរទៅកាន់ទ្វីបអឺរ៉ុប។ នេះគឺបញ្ជាក់ពីភាពខុសប្លែកដោយកាលពីមុនពួកគេបង្ហោះរូបថតរួមគ្នាដើម្បីបង្ហាញពីក្តីស្រលាញ់ ប៉ុន្តែឥឡូវនេះឃើញថាមានការថយចុះគួរឱ្យកត់សម្គាល់៕










