ប្រទេសហ្វីលីពីន ៖ នៅខែកុម្ភៈ ឆ្នាំ២០២៥ អាជ្ញាធរសង្កាត់មួយនៅកណ្តាលទីក្រុងម៉ានីឡា ប្រទេសហ្វីលីពីន បានបង្កើតកម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់ ហើយ អាជ្ញាធរនឹងផ្តល់ប្រាក់ឱ្យពលរដ្ឋណាដែលចាប់មូសបានចាប់ពី៥ក្បាលឡើងទៅ ដើម្បីកាត់បន្ថយការឆ្លងរាតត្បាតជំងឺគ្រុនឈាមក្នុងសង្កាត់ដែលមានពលរដ្ឋរស់នៅច្រើន ។ កម្មវិធីនេះបង្កើតឡើងក្រោយពីជំងឺគ្រុនឈាមបានឆ្លងរាតត្បាតខ្លាំងនៅប្រទេសហ្វីលីពីន និងមានពលរដ្ឋស្លា.ប់ ២នាក់ ។
អាជ្ញាធរសង្កាត់និយាយថា ប្រាក់រង្វាន់សម្រាប់ផ្តល់ឱ្យពលរដ្ឋចាប់មូសបាន គឺជាប្រាក់ដែលអាជ្ញាធរទុកសម្រាប់រៀបចំការអភិវឌ្ឍនានាក្នុងសង្កាត់ ដូចជា ៖ ការបោសសម្អាតផ្លូវថ្នល់ និងកម្ចាត់ជម្រកមូស ។ បើពលរដ្ឋចាប់បានមូស៥ក្បាល ពួកគេនឹងទទួលបានប្រាក់ចំនួន១ប៉េសូ (ឬ០.០១៧ដុល្លារអាមេរិក) ហើយអាជ្ញាធរនឹងប្រគល់ប្រាក់ឱ្យពលរដ្ឋ មិនថាពួកគេចាប់បានកូនមូស ឬមូសធំ ។
.png)
ក្រោយពីចាប់មូសបាន ពលរដ្ឋជាច្រើននាក់នាំគ្នាឈរតម្រង់ជួរដើម្បីយកមូសរស់ និងមូសងាប់ ដែលពួកគេច្រកក្នុងឧបករណ៍ផ្សេងៗមកប្រគល់ឱ្យអាជ្ញាធរ ហើយអាជ្ញាធរនឹងរាប់ចំនួនមូស ។ ក្រោយពីប្រគល់ប្រាក់ឱ្យពលរដ្ឋរួចហើយ អាជ្ញាធរនឹងប្រមូលមូសរស់ ទៅកម្ចាត់ចោលដោយប្រើប្រាស់កាំរស្មី ។
កម្មវិធីឱ្យពលរដ្ឋចាប់មូសប្តូរយកប្រាក់នេះ បានទទួលការកោតសរសើរពីក្រសួងសុខាភិបាលហ្វីលីពីនថា គឺជាគំនិតដ៏ល្អមួយដើម្បីកាត់បន្ថយការឆ្លងរាតត្បាតនៃជំងឺគ្រុនឈាម ប៉ុន្តែក្រសួងសុខាភិបាលពុំបានបញ្ជាក់ថា តើកម្មវិធីចាប់មូសអាចជួយកាត់បន្ថយការឆ្លងជំងឺគ្រុនឈាមដែរបានកម្រិតណា ។
ពលរដ្ឋហ្វីលីពីនមួយចំនួននិយាយថា អាជ្ញាធរសង្កាត់បង្កើតកម្មវិធីនេះល្អដើម្បីឱ្យពលរដ្ឋទទួលបានប្រាក់ ប៉ុន្តែតើកម្មវិធីនេះអាចកាត់បន្ថយចំនួនមូសឬក៏អត់? អ្វីដែលពួកគេបារម្ភខ្លាំងនោះ គឺខ្លាចមូសកាន់តែកើនឡើងលើសមុន ដោយសារពលរដ្ឋខ្លះលួចបង្កាត់មូសក្នុងផ្ទះដើម្បីប្តូរយកប្រាក់ ។
ឆ្លើយតបទៅនឹងការបារម្ភរបស់ពលរដ្ឋ អាជ្ញាធរសង្កាត់បញ្ជាក់ថា ករណីលួចបង្កាត់មូសក្នុងផ្ទះប្តូរយកប្រាក់ គឺអាចកើតឡើងខ្លះៗ ប៉ុន្តែបើសង្កាត់គ្មានវិធានការអ្វីសោះ វានឹងធ្វើឱ្យចំនួនមូសកាន់តែកើនឡើង ។ បើការរាតត្បាតជំងឺគ្រុនឈាមធ្លាក់ចុះ សង្កាត់នឹងរៀបចំកម្មវិធីនេះបន្តទៀត ប៉ុន្តែបើជំងឺគ្រុនឈាមនៅតែរាតត្បាតខ្លាំងដដែល សង្កាត់នឹងអនុវត្តវិធីផ្សេង ៕










