ប្រទេសវៀតណាម ៖ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ រដ្ឋសភាវៀតណាមបានអនុម័តច្បាប់រៀបចំរដ្ឋាភិបាលថ្មីក្នុងកិច្ចប្រជុំវិសាមញ្ញនៅទីក្រុងហាណូយ ដែលនឹងកាត់បន្ថយក្រសួងចំនួន៥ និងមន្ត្រីរាជការពី១៥% ទៅ២៥% ។ អគ្គលេខាធិការបក្សកុម្មុយនិស្តវៀតណាម លោក តូ ឡឺម អះអាងថា វាជាការបង្កើនប្រសិទ្ធភាពការងាររដ្ឋបាលសាធារណៈ និងសម្រេចគោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច ។
.png)
នេះជាការធ្វើកំណែទម្រង់រដ្ឋាភិបាលទ្រង់ទ្រាយធំ បើធៀបនឹងរយៈពេលជាច្រើនឆ្នាំកន្លងមក ហើយនឹងធ្វើឱ្យមន្ត្រីរាជការរាប់ពាន់នាក់បាត់បង់ការងារ ។ រដ្ឋាភិបាលនឹងបិទក្រសួងចំនួន៥ ដោយសារមើលឃើញថា ការងារក្នុងក្រសួងទាំងនេះពុំសូវសំខាន់ ព្រមទាំងរួមបញ្ចូលក្រសួងផ្សេងៗ ដូចជា ៖ ក្រសួងហិរញ្ញវត្ថុ រួមបញ្ចូលជាមួយក្រសួងផែនការ និងវិនិយោគ, ក្រសួងធនធានធម្មជាតិ និងបរិស្ថាន រួមបញ្ចូលជាមួយក្រសួងកសិកម្ម, ក្រសួងដឹកជញ្ជូន រួមបញ្ចូលជាមួយក្រសួងសាងសង់ ។
ក្រៅពីនេះ រដ្ឋាភិបាលនឹងបិទប្រព័ន្ធផ្សព្វផ្សាយរដ្ឋយ៉ាងច្រើន ដូចជា ៖ ទូរទស្សន៍ កាសែត និងទស្សនាវដ្តី ព្រមទាំងត្រៀមថវិកាសម្រាប់ផ្តល់ឱ្យមន្ត្រីរាជការរាប់ពាន់នាក់ដែលត្រូវបណ្តេញចេញពីការងាររដ្ឋ ។ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Hoa Binh និយាយថា រដ្ឋាភិបាលប្រឹងប្រែងជំរុញប្រសិទ្ធភាពការងាររដ្ឋបាលឱ្យកាន់តែខ្លាំងក្លា និងកាត់បន្ថយមន្ត្រីអសមត្ថភាពក្នុងជួររដ្ឋាភិបាល ។.png)
ការធ្វើកំណែទម្រង់រដ្ឋាភិបាលទ្រង់ទ្រាយធំនេះ បានធ្វើឱ្យមន្ត្រីរាជការរាប់ពាន់នាក់ព្រួយបារម្ភពីការស្វែងរកការងារថ្មីនៅតាមក្រុមហ៊ុនឯកជន ។ រដ្ឋាភិបាលវៀតណាមអះអាងថា វានឹងពុំប៉ះពាល់ដល់ការអនុម័តគម្រោងផ្សេងៗទេ បើទោះជាមានមតិនានាបារម្ភថា ការធ្វើកំណែទម្រង់នេះនឹងធ្វើឱ្យយឺតយ៉ាវដល់កិច្ចការគ្រប់គ្រងប្រទេសរបស់រដ្ឋាភិបាលក្តី ។
អគ្គលេខាធិការបក្សកុម្មុយនីស្តវៀតណាម លោក តូ ឡឺម និយាយថា វាមិនត្រឹមតែជួយកាត់បន្ថយការចំណាយរបស់រដ្ឋាភិបាលប៉ុណ្ណោះទេ ប៉ុន្តែវានឹងជួយឱ្យមន្ត្រីរាជការធ្វើការកាន់តែមានប្រសិទ្ធភាព ។ ពេលខ្លះ យើងត្រូវតែលេបថ្នាំល្វីងធន់នឹងការឈឺចាប់ និងវះកាត់សាច់ចេញខ្លះដើម្បីឱ្យរាងកាយរឹងមាំល្អ ។ កំណែទម្រង់នេះជាគន្លឹះមួយដើម្បីជំរុញកំណើនសេដ្ឋកិច្ចវៀតណាមឱ្យកើនឡើង៨% ដែលនាយករដ្ឋមន្ត្រីវៀតណាម លោក Pham Minh Chinh បានកំណត់នៅឆ្នាំ២០២៥ ៕










