ថ្មីៗនេះអ្នកគាំទ្រជាច្រើនបានចែករំលែកពេញប្រព័ន្ធផ្សព្វផ្សាយសង្គមបន្ទាប់ពីទទួលដំណឹងថាប្រ៊េនល្បីឈ្មោះ Bulgari បានជ្រើសរើសរៀបចំកម្មវិធីនៅខេត្តសៀមរាប។ ទោះយ៉ាងណាគេមិនទាន់ដឹងថាតារាល្បីៗរូបណាខ្លះនឹងមានវត្តមានចូលរួមក្នុងកម្មវិធីនេះនោះទេ ប៉ុន្តែមានពាក្យចចាមអារ៉ាមថាអាចមានតារាល្បីឈ្មោះចិនម្នាក់មកចូលរួម។
កន្លងមកទស្សនិកជនបានដឹងហើយថាតារាសម្តែងជួរមុខប្រចាំប្រទេស ស៊ីន យូប៊ីន គឺធ្លាប់ចូលរួមកម្មវិធី Bulgari ជាច្រើនដោយបានជួបតារាល្បីៗផ្សេងទៀតដែលជាមុខមាត់ប្រ៊េនលំដាប់ថ្នាក់ពិភពលោកមួយនេះ។ អ្វីដែលកាន់តែធ្វើឱ្យទស្សនិកជនជាអ្នកគាំទ្ររំភើបចិត្តឥតឧបមានោះ ប្រ៊េនមួយនេះបានជ្រើសរើសមករៀបចំកម្មវិធីលើកដំបូងនៅប្រទេសកម្ពុជាដោយជ្រើសទីតាំងប្រាសាទបាយ័ន ស្ថិតនៅខេត្តសៀមរាប។

ក្នុងពេលជាមួយនឹងដំណឹងត្រេកអរ បញ្ជីឈ្មោះតារាៗសម្រាប់ការចូលរួមកម្មវិធីដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២១ ខែកុម្ភៈ មិនត្រូវបានបង្ហាញជាសាធារណៈនោះទេ ស្របពេលកម្មវិធីនេះគឺមានការចូលរួមសម្រាប់តែភ្ញៀវដែលមានការអញ្ជើញតែប៉ុណ្ណោះ។
សម្រាប់តារាល្បីៗដែលជាមុខមាត់ម៉ាកយីហោនេះនិងធ្លាប់បានចូលរួមកម្មវិធីនេះកន្លងមកមានដូចជា Lisa សមាជិក BLACKPINK ចំណែកឯតារាចិនវិញមានដូចជា , Zhao Lusi, Liu Yifei, Meng Zi Yi Yang Yang និង Wu Lei, តារាថៃមានដូចជា Mai davikak, Mile រួមទាំងមានតារាអន្តរជាតិផ្សេងទៀត។ ទោះបីជាអ្នកគាំទ្រពុំទាន់បានដឹងថាក្នុងចំណោមតារាល្បីៗរូបណាខ្លះមានវត្តមាននាថ្ងៃខាងមុខនេះក្តីក៏ពួកគេបង្ហាញអារម្មណ៍សប្បាយចិត្តដូចគ្នាទោះបីជាអាយដលរូបណាមកក៏ដោយក៏ធ្វើឱ្យអ្នកគាំទ្រសប្បាយចិត្តដែរព្រោះនេះជាឱកាសកម្រមួយដែលមានប៊្រេនអន្តរជាតិដ៏ធំមករៀបចំកម្មវិធីនៅលើទឹកប្រទេសកម្ពុជាបែបនេះ។

សូមបញ្ជាក់ថា Bulgari គឺម៉ាកយីហោដ៏ប្រណិតរបស់ប្រទេសអ៊ីតាលីដែលត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៨៨៤ ហើយត្រូវបានគេស្គាល់ថាសម្រាប់គ្រឿងអលង្ការ នាឡិកា ទឹកអប់ គ្រឿងប្រើប្រាស់ និងទំនិញស្បែកហើយមានតារាល្បីៗជាច្រើនជាអ្នកផ្សព្វផ្សាយម៉ាកនេះ៕










