ប្រទេសកូរ៉េខាងជើង ៖ លោក Simon Wilson ជា YouTuber ជនជា.តិអង់គ្លេសបានទៅលេងកូរ៉េខាងជើងកាលពីពេល៥ឆ្នាំមុន រយៈពេល២សប្តាហ៍ក្នុងថ្ងៃខួបកំណើត ហើយប្រាប់ថា ការដើរលេងនៅទីនោះពុំគួរឱ្យខ្លា.ច ដូចមនុស្សគ្រប់គ្នាគិតទេ ប៉ុន្តែលោកទទួលបានបទពិសោធន៍យ៉ាងច្រើនក្នុងដំណើរកម្សាន្ត ។ លោកប្រាប់ថា ដំណើរកម្សាន្តនេះបានផ្លាស់ប្តូរគំនិតរបស់លោកទាំងស្រុង ពីព្រោះនៅទីនោះ ផ្ទុយពីការគិត ។

បើយើងធ្វើដំណើរទៅកូរ៉េខាងជើង ក្នុងឋានៈជាភ្ញៀវទេសចរ គឺទាល់តែក្រុមហ៊ុនទេសចរណ៍រៀបចំកម្មវិធីដំណើរកម្សាន្តប៉ុណ្ណោះ ។ ក្រៅពីនេះ ភ្ញៀវទេសចរត្រូវតែទទួលបានការអនុញ្ញាតពីក្រសួងការបរទេសកូរ៉េខាងជើងប៉ុណ្ណោះ ទើបអាចដើរលេងនៅទីនោះបាន ។ ហេតុនេះ លោក Simon Wilson ក៏ចាប់ផ្តើមស្វែងរកទិន្នន័យពីកូរ៉េខាងជើងក្នុង Google និងទាក់ទងទៅក្រុមហ៊ុនទេសចរណ៍ឱ្យរៀបចំទិដ្ឋាការ ព្រមទាំងយន្តហោះ ។ 
ក្រុមហ៊ុនទេសចរណ៍បានឱ្យលោកជ្រើសរើសរយៈពេលដើរកម្សាន្តនៅកូរ៉េខាងជើង ដូចជា ៖ ចំនួន៣ថ្ងៃ ឬ១សប្តាហ៍ ឬ២សប្តាហ៍ ។ លោកបានចាប់ផ្តើមធ្វើដំណើរទៅកូរ៉េខាងជើង ដោយជិះរថភ្លើង២៤ម៉ោង ពីប្រទេសចិន ទៅទីក្រុងព្យុងយ៉ាង របស់កូរ៉េខាងជើង ហើយលោកបានជួបមគ្គុទ្ទេសក៍ទេសចរណ៍ជនជាតិកូរ៉េខាងជើង ។ ពេលធ្វើដំណើរទៅដល់កូរ៉េខាងជើង នៅទីនោះ គ្មានអ៊ីនធើរណេត និងសេវាទូរស័ព្ទសម្រាប់ទំនាក់ទំនងទេ ហើយលោកពុំអាចទំនាក់ទំនងទៅអ្នកណាទាំងអស់ ក្រៅពីពលរដ្ឋកូរ៉េខាងជើង ក្នុងពេលស្នាក់នៅរយៈពេល២សប្តាហ៍ ប៉ុន្តែលោកអាចថតរូបភាព និងវីដេអូបាន ។

លោក Simon Wilson ប្រាប់ថា កម្មវិធីដំណើរកម្សាន្តរបស់លោក ក៏មានភ្ញៀវទេសចរមកពីប្រទេសផ្សេងៗដែរ ដូចជា ៖ ហូឡង់ និងអាល្លឺម៉ង់ ។ ក្រោយពីការទៅកម្សាន្តនៅទីនោះ ធ្វើឱ្យលោកមានអារម្មណ៍ថា វាមានសុវត្ថិភាពបំផុត និងមានសុវត្ថិភាពជាងប្រទេសផ្សេងដែលលោកបានទៅ ។ មុនទៅកូរ៉េខាងជើង លោកសួរទៅក្រុមហ៊ុនទេសចរណ៍ថា តើលោកអាចយកកាមេរ៉ា និងមេក្រូទៅបានអត់? ពួកគេប្រាប់ថា យកអ្វីទៅក៏បានដែរ ។ ប៉ុន្តែហាមថតវីដេអូនៅទីកន្លែងមួយចំនួន ដូចជា ៖ អគារ ដោយសារមានកងទ័ពកូរ៉េខាងជើងយាមកាម និងហាមដាច់ខាតថតរូបកងទ័ព ។ 
រីឯមគ្គុទ្ទេសក៍ទេសចរណ៍របស់លោកវិញ អត់ស្គាល់ YouTube ទេ ហើយពលរដ្ឋកូរ៉េខាងជើងផ្សេងទៀត ក៏អត់ស្គាល់ដែរ ។ លើសពីនេះ ពួកគេគ្មានលិខិតឆ្លងដែន និងពុំអាចធ្វើដំណើរទៅក្រៅប្រទេសទេ បើចង់ទៅក្រៅប្រទេស លុះត្រាតែពួកគេទទួលបានការអនុញ្ញាតពីរដ្ឋាភិបាលប៉ុណ្ណោះ ៕










