ពិតជាមិនធម្មតានោះទេទើបតែចូលប្រឡូកលើវិថីសិល្បៈប៉ុន្មានឆ្នាំបន្ទាប់ពីក្លាយជាម្ចាស់ពានក្នុងកម្មវិធីរ៉េបពេលនេះ យូហៃ ត្រៀមចេញទៅសម្តែងនៅលើទឹកដីសហរដ្ឋអាម៉េរិកជាលើកដំបូង។ កាលពីឆ្នាំមុនការប្រគំតន្រ្តី Sabaidee Fest គឺមានវត្តមាន វណ្ណដា វណ្ណថាន និងកញ្ញា ឡូរ៉ា ម៉ម ចូលរួមហើយទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅទីនោះ ខណៈប្រមូលផ្តុំទៅដោយសិល្បករមកពីប្រទេសផ្សេងទៀតជាច្រើនចូលរួម។

នៅថ្ងៃទី១៧ កុម្ភៈ ខាងកម្មវិធី Sabaidee Fest បានប្រកាសថា តារាចម្រៀងរ៉េប យូហៃ ដែលជាម្ចាស់ពានក្នុងកម្មវិធី The Rapper Cambodia រដូវកាលទី១ នឹងមានវត្តមានក្នុងមហោស្រពតន្រ្តីនេះ Sabaidee Fest នៅ Gloria Molina Grand Park ទីក្រុង Los Angeles សហរដ្ឋអាម៉េរិកនាថ្ងៃទី ១២ និង ១៣ ខែកក្កដា ឆ្នាំ ២០២៥ ខាងមុខនេះ។
ក្នុងនោះក៏បានបញ្ជាក់ថា នេះជាលើកទីមួយរបស់ យូហៃ ដែលបានទៅសម្តែងបទរបស់ខ្លួននៅទីនោះហើយ វាជាក្តីស្រមៃដ៏ធំមួយរបស់លោក។ ជាមួយគ្នានេះ យូហៃ ក៏បានថ្លែងអំណរគុណដល់អ្នកគាំទ្រទាំងអស់ដែលតែងតែស្រលាញ់គាំទ្រលោកតាំងពីថ្ងៃទីមួយដែលលោកបានឈានចូលវិស័យសិល្បៈនិងសង្ឃឹមថាពេញចិត្តជាមួយការវិវត្តន៍របស់លោកនៅក្នុងវិស័យតន្ត្រីដែលនឹងមានជាបន្តបន្ទាប់។
គេចាំបានថា កាលពីខែមិថុនា ឆ្នាំ២០២៤ តារាចម្រៀងរ៉េប វណ្ណដា វណ្ណថាន និងឡូរ៉ា ម៉ម ចូលរួមក្នុងកម្មវិធីខាងលើនេះរួមទាំងអ្នកសិល្បៈខ្មែរមួយចំនួនទៀត។ វត្តមានរបស់សិល្បករចូលរួមគឺទទួលបានការគាំទ្រយ៉ាងខ្លាំងពីទស្សនិកជននៅទីនោះ។
ចុងក្រោយនេះ យូហៃ បានចេញបទចម្រៀង ជាមួយតារាចម្រៀង រ៉េត ស៊ូហ្សាណា មានចំណងជើងថា «2AM» ដែលធ្វើឱ្យទស្សនិកជនចាប់អារម្មណ៍យ៉ាងខ្លាំងជាពិសេសគឺទំនាក់ទំនងរបស់អ្នកទាំងពីរ។ ទន្ទឹមនឹងបទនេះបទផ្សេងទៀតរបស់ យូហៃ ដែលទទួលបានការចាប់អារម្មណ៍មានដូចជា ស៊ីជម្ពូ ជាមួយ Jady , ម្តងហើយម្តងទៀត ជាមួយ GMENGz , ១ណា ជាមួយនិរទ្ធ ជាដើម៕










