ប្រទេសថៃ ៖ ភ្លើងឆេះកន្លែងដាំកញ្ឆា មហាជនសប្បាយរីករាយសើចក្អាកក្អាយគ្រប់ៗគ្នា សូម្បីអ្នកពន្លត់អគ្គិភ័យ ក៏សើចញញឹមបិទមាត់មិនជិតឡើយ ព្រោះតែបានហិតផ្សែងកញ្ឆា ។ បើស្តាប់មួយភ្លែត អាចគិតថាមានគំនិតមិនល្អ ពេលបានឃើញអ្នកជិតខាងមានទុក្ខព្រួយ ប៉ុន្តែក្រោយដឹងមូលហេតុ ហួសចិត្តទប់សំណើចមិនបានដែរ ។
សារព័ត៌មាន Thairath រាយការណ៍ថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រោយពីទទួលសេចក្តីរាយការណ៍ភ្លើងឆេះលំនៅឋានពលរដ្ឋក្នុងអគារពាណិជ្ជកម្មមួយកន្លែងស្ថិតនៅតំបន់វែលខាំចុមធៀន ឃុំណងព្រឺ ស្រុកបាងឡាមុង ខេត្តឈុនបុរី មជ្ឈមណ្ឌលវិទ្យុសង្គ្រោះគ្រោះមហន្តរាយទីក្រុងប៉ាតាយ៉ា បានបញ្ជូនរថយន្តពន្លត់ភ្លើង២គ្រឿងទៅកន្លែងកើតហេតុ ព្រមទាំងទាក់ទងសមត្ថកិច្ចនៅទីក្រុងប៉ាតាយ៉ា មកជួយអន្តរាគមន៍ ។

នៅកន្លែងកើតហេតុ គឺជាអគារពាណិជ្ជកម្មកម្ពស់៤ជាន់ ដែលផ្នែកខាងមុខមានស្លាកសញ្ញាក្រុមហ៊ុន Little Christiania Co., Ltd. ។ អគារនេះបានឆេះយ៉ាងសន្ធោសន្ធៅ ដោយមានភ្លើង និងផ្សែងយ៉ាងខ្លាំងចេញពីអគារជាន់ទី២ ។ ភ្នាក់ងារពន្លត់ភ្លើងក៏បានបាញ់ទឹកពន្លត់ភ្លើងទាំងក្នុងអគារ និងក្រៅអគារ ប៉ុន្តែការបាញ់ទឹកធ្វើឡើងយ៉ាងលំបាក ដោយសារផ្សែងចេញពីអគារមានក្លិនប្លែកៗ ។

តាមការត្រួតពិនិត្យឃើញថា ចាប់ពីអគារជាន់ទី២ រហូតដល់ជាន់លើបំផុត គឺជាកន្លែងដាំកញ្ឆា ហើយភ្លើងបានឆេះដើមកញ្ឆា ។ ហេតុនេះ ធ្វើឱ្យមានផ្សែងយ៉ាងច្រើនភាយឡើងលើ និងគ្របដណ្តប់នៅបរិវេណជុំវិញ ដែលធ្វើឱ្យភ្នាក់ងារពន្លត់ភ្លើងចំណាយពេលជិត១ម៉ោងក្នុងការបាញ់ទឹកពន្លត់ភ្លើង ទើបអាចគ្រប់គ្រងស្ថានការណ៍បាន ។
អ្នកស្រី កាន់ចាណា ហ្វាំងសាន់ធៀយ៉ាក់ អាយុ៤០ឆ្នាំ ជាអ្នកមើលការខុសត្រូវអគារ និយាយថា នៅទីនេះ បានសុំការអនុញ្ញាតដាំកញ្ឆាក្នុងអគារត្រឹមត្រូវតាមច្បាប់ ។ រីឯមូលហេតុបណ្តាលឱ្យភ្លើងឆេះ គឺដោយសារមានបញ្ហាប្រព័ន្ធភ្លើងបើកចោលរហូតសម្រាប់ដាំកញ្ឆា ។ ភ្លើងឆេះអគារបានបំផ្លាញទ្រព្យសម្បត្តិ និងកញ្ឆា ស្មើទឹកប្រាក់ប្រមាណ ២សែនបាត (ឬស្មើ៦ពាន់ដុល្លារអាមេរិក) ប៉ុន្តែសំណាងល្អ គ្មានអ្នកណាម្នាក់រងរបួសទេ ។

ទោះជាភ្នាក់ងារពន្លត់ភ្លើងអាចគ្រប់គ្រងស្ថានការណ៍ក្តី ប៉ុន្តែភ្លើងបានឆេះអគារធ្វើឱ្យអណ្តាតភ្លើងឆេះដើមកញ្ឆា និងចេញផ្សែងយ៉ាងខ្លាំងគ្របដណ្តប់លើបរិវេណតំបន់វែលខាំចុមធៀន ដែលផ្សែងនេះធុំក្លិនកញ្ឆា ។ អ្នកភូមិ ភ្ញៀវទេសចរបរទេស និងភ្នាក់ងារពន្លត់ភ្លើងនៅម្តុំនេះបានស្រូបក្លិនផ្សែង ហើយក៏កើតអាការៈស្រវឹងកញ្ឆា ឈឺក្បាល និងឈឺភ្នែក ខណៈអ្នកខ្លះទៀត ស្រាប់តែមានអារម្មណ៍ល្អ សើចសប្បាយ ក្រោយពីពួកគេស្រូបក្លិនផ្សែង ។
វាបែរជាធ្វើឱ្យពលរដ្ឋ និងភ្ញៀវទេសចរបរទេសដែលមកឈរមើលភ្លើងឆេះអគារ បែរជាមានអារម្មណ៍សប្បាយរីករាយ និងសើចក្អាកក្អាយឥតឈប់ សូម្បីតែភ្នាក់ងារពន្លត់ភ្លើងក៏សប្បាយចិត្តដែរ ពួកគេបាញ់ទឹកពន្លត់ភ្លើងបណ្តើរ សើចបណ្តើរ ៕










