តារាចម្រៀង Park Bom សមាជិកក្រុម 2NE1 បានធ្វើឱ្យអ្នកលេងអ៊ីនធឺណិតបញ្ចេញមតិជាថ្មីក្រោយពីបង្ហោះហៅតារាសម្តែងល្បីឈ្មោះ Lee Min Ho ថាជាប្តីរបស់នាងជាលើកទី២។ អ្នកខ្លះបានរិះគន់តារាស្រីរូបនេះធ្វើខ្លួនមិនសមនឹងអាជីព ខណៈអ្នកខ្លះថាការបង្ហោះនេះគ្រាន់តែពាក្យលេងសើចក្នុងនាមនាងជាអ្នកគាំទ្រតារាប្រុសរូបនេះប៉ុណ្ណោះ។
កាលពីដើមឆ្នាំ២០២៤ Park Bom បានបង្កើតពាក្យចចាមអារ៉ាមថាមានស្នេហាជាមួយតារាសម្ដែង Lee Min Ho បន្ទាប់ពីបានបង្ហោះរូបភាពផ្សេងៗរបស់លោកលើ Instagram របស់នាងជាមួយនឹងពាក្យថា «Husband »។ ក្រោយលេចឮពាក្យចចាមអារ៉ាមនេះ តំណាងភាគី Park Bom បានបញ្ជាក់ថា តារាចម្រៀងរូបនេះគ្រាន់តែបង្ហាញពីការស្រលាញ់ចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រប៉ុណ្ណោះ។ អ្នកតំណាងរូបនេះបានពន្យល់ថា «ការបង្ហោះរបស់នាងលើបណ្តាញសង្គមក្នុងនាមជាអ្នកគាំទ្រ។ អ្នកទាំងពីរមិនមានទំនាក់ទំនងស្នេហានោះទេ»។
យ៉ាងណាមិញកាលពីថ្ងៃទី ១២ខែកុម្ភៈ Park Bom បានបង្ហោះរូបថតជាច្រើនសន្លឹករបស់ Lee Min Ho ជាមួយនឹងចំណងជើងថា «My Husband» ។ លើកនេះ Park Bom បានបង្ហោះពួកគេនៅលើគណនី Instagram ថ្មីរបស់នាងដែលមានឈ្មោះថា haroobompark2025 ។
ការបង្ហោះជាលើកទី២របស់ Park Bom អ្នកលេងអ៊ីនធឺណិតបានបញ្ចេញមតិយោប់ជាច្រើន។ ពួកគេបានសរសេរថា «ភ្នាក់ងាររបស់នាងដាក់កម្រិតគណនីផ្សេងរបស់នាង ដូច្នេះនាងបានបង្កើតគណនីថ្មី»។ ចំណែកឯអ្នកលេងអ៊ីនធឺណិតកូរ៉េផ្សេងទៀតកំពុងសម្ដែងការព្រួយបារម្ភដោយនិយាយថា Park Bom គួរតែមានអាជីពជាងនេះហើយចៀសវាងការបង្ហោះពីតារាផ្សេងទៀតក្នុងលក្ខណៈបែបនេះ និងថា នាងជាតារាល្បី ហេតុអ្វីបានជានាងប្រព្រឹត្តបែបនេះជាដើម។
នៅថ្ងៃទី១៣ ខែកុម្ភៈ យោងតាមអ្នកតំណាងតារាចម្រៀង Park Bom បានចេញបកស្រាយថា «យើងមិនអាចបញ្ជាក់ពីបញ្ហាដែលទាក់ទងនឹងការបង្ហោះ របស់សិល្បករដែលជាផ្នែកមួយនៃជីវិតឯកជនរបស់ពួកគេទេ។ ទោះជាយ៉ាងណាក៏ដោយដោយផ្អែកលើឧប្បត្តិហេតុពីមុនរបស់សិល្បករយើងសន្មតថាឧប្បត្តិហេតុថ្មីៗនេះគ្រាន់តែជាការបង្ហាញអំពីក្តីស្រលាញ់របស់នាងចំពោះ Lee Min Ho ក្នុងនាមជាអ្នកគាំទ្រ»៕










