ថ្លែងក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ របស់ក្រសួងមហាផ្ទៃ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានផ្តល់ការអប់រំណែនាំដល់ប្រជាពលរដ្ឋ ដែលខ្ចីប្រាក់តាមអនឡាញខុសច្បាប់ ដាច់ខាត គឺ “កុំសង”។
ឯកឧត្តមអភិសន្តិបណ្ឌិត បានលើកឡើងថា៖”ក្រុមជនបរទេសរកសុីកម្ចីតាមអនឡាញ គឺជាក្រុមខុសច្បាប់ ហេតុដូច្នេះ គឺកុំសងតែ បើសិនជាមានការរករឿងណាមួយសូមប្តឹងមកសមត្ថកិច្ច”។
ជាងនេះទៅទៀត រដ្ឋមន្ត្រីក្រសួងមហាផ្ទៃរូបនេះ ក៏បានស្នើឱ្យរដ្ឋបាលរាជធានីខេត្តក្រុងស្រុកខណ្ឌ បន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ និងចូលរួមអនុវត្តឱ្យបាន និងទប់ស្កាត់កុំឱ្យមានការខ្ចីប្រាក់ខុសច្បាប់ ខ្ចីប្រាក់ពីក្រុមជនបរទេស ខ្ចីប្រាក់ដែលមានកម្រិត នៃការដាក់គំនាបទៅលើអ្នកខ្ចី ខុសពីច្បាប់”។
តែយ៉ាងណាក៏ដោយ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ក៏បានណែនាំបែងចែកឱ្យដាច់រវាង កម្ចីជាមួយស្ថាប័នមីក្រូហិរញ្ញវត្ថុ ឬអង្គភាពផ្តល់ប្រាក់កម្ចី ដែលគេធ្វើប្រតិបត្តិការស្របតាមច្បាប់ និងកម្ចីជាលក្ខណៈឯកជនបុគ្គល និងបុគ្គល ដែលផ្ទុយពីកម្ចីខុសច្បាប់នោះ គឺត្រូវតែមានកាតព្វកិច្ចសងទៅតាមច្បាប់ និងការព្រមព្រៀង៕










