អង្គការយូនីសេហ្វ កម្ពុជា បានចេញសេចក្តីថ្លែងការណ៍របស់ខ្លួនហើយទាក់ទងទៅនឹងកូនប្រុសតារាចម្រៀង ជី ដេវិត។ អង្គការយូនីសេហ្វ លើកទឹកចិត្តឱ្យរាយការណ៍អំពីការប្រមាថតាមអនឡាញលើកុមារ។ ការរករឿងឈ្លោះ និងការបៀតបៀនតាមអនឡាញអាចបន្សល់ទុកស្លាកស្នាមផ្លូវចិត្តមួយជីវិតចំពោះកុមារនិងយុវជន។.png)
នាល្ងាចថ្ងៃទី១២ កុម្ភៈ លោកបណ្ឌិត Will Parks នាយកយូនីសេហ្វប្រចាំកម្ពុជា បានចេញសេចក្តីថ្លែងការណ៍ទាក់ទងនឹងករណីរបស់កូនលោក G-Devith បន្ទាប់ពីតារាចម្រៀងរូបនេះបានដាក់បណ្ដឹងទៅអង្គការ UNICEF នៅកម្ពុជា ដើម្បីជំរុញដល់ការលុប ជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុកដែលប៉ះពាល់ដល់សិទ្ធិកុមារនៅកម្ពុជាតាមគ្រប់រូបភាព។
ក្នុងសេចក្តីថ្លែងការណ៍បានឱ្យដឹងថា «នាពេលថ្មីៗនេះ បណ្តាញសារព័ត៌មាន និងអ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមកំពុងចែករំលែកព័ត៌មានជាច្រើន របស់លោក ងួន ចាន់ដាវិត (G-Devith) ដែលពាក់ព័ន្ធនឹងការចោទប្រកាន់អំពីការប្រមាថតាមអនឡាញមកលើកូនរបស់គាត់ យូនីសេហ្វ សូមលើកទឹកចិត្តឲ្យរាយការណ៍អំពីករណី នេះជូនដល់អាជ្ញាធរពាក់ព័ន្ធ។ ចំពោះករណីរករឿងឈ្លោះ ឬការគំរាមកំហែងតាមអ៊ីនធឺណិត ដែលពាក់ព័ន្ធនឹងកុមារ និងយុវជន សូមរាយការណ៍ដោយផ្ទាល់ក្នុងបណ្តាញទំនាក់ទំនងសង្គម ឬទៅកាន់ អគ្គស្នងការដ្ឋាននគរបាលជាតិតាមរយៈលេខ ១២៨៨ ឬ គេហទំព័រ www.hotline.police.gov.kh ដើម្បីចាត់វិធានការសមស្របតាមផ្លូវច្បាប់។
យូនីសេហ្វ ថ្លែងថា «ការរករឿងឈ្លោះ និងការបៀតបៀនតាមអនឡាញអាច បន្សល់ទុកស្លាកស្នាមផ្លូវចិត្តពេញមួយជីវិតចំពោះកុមារ និង យុវជន។ រាជរដ្ឋាភិបាល ក្រុមហ៊ុនបច្ចេកវិទ្យា វិស័យធុរកិច្ច អ្នកបង្កើតមាតិកា ឪពុកម្តាយ និងយុវជនទាំងអស់មានតួនាទីក្នុងការចូលរួមកសាងបរិយាកាសដែលកាន់តែមាន សុវត្ថិភាពសម្រាប់ទាំងអស់គ្នា ជាពិសេសសម្រាប់កុមារ និង យុវជន លើកកម្ពស់សេរីភាពក្នុងការបញ្ចេញមតិ និងទប់ស្កាត់ ការគំរាមកំហែង និងបៀតបៀនតាមអនឡាញ។
ក្នុងនោះដែរ យូនីសេហ្វ បញ្ជក់ថាអង្គការរបស់ខ្លួននៅតែចូលរួមយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាល ក៏ដូចជាវិស័យឌីជីថល និងទូរគមនាគមន៍ ដើម្បីពង្រឹងវិធាន ការសុវត្ថិភាពតាមអ៊ីនធឺណិត ជាពិសេស តាមរយៈការដាក់ឱ្យអនុវត្តនូវគោលការណ៍ណែនាំស្តីពីកិច្ចការពារកុមារតាម ប្រព័ន្ធអនឡាញសម្រាប់ក្រុមហ៊ុនបច្ចេកវិទ្យាឌីជីថល និង យុទ្ធនាការសុវត្ថិភាពតាមអនឡាញ ដើម្បីផ្តល់ចំណេះដឹងដល់ កុមារ និងឪពុកម្តាយក្នុងការការពារខ្លួនតាមអ៊ីនធឺណិត។ កុមារគ្រប់រូបមានសិទ្ធិរស់នៅ និងលូតលាស់ក្នុង បរិយាកាសប្រកបដោយសុវត្ថិភាព និងការគាំទ្រ ទាំងនៅលើអនឡាញ និងអហ្វឡាញ៕










