នៅថ្ងៃពុធទី១២ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមជំនាញរបស់ក្រសួងបរិស្ថាន បានរកឃើញថា រោងចក្ររបស់ក្រុមហ៊ុន Win Ta Garment & Finishing Co., Ltd. ដែលមានមូលដ្ឋាននៅក្នុងភូមិសរមាំង ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល បានបន្តលួចបង្ហូរសំណល់រាវមានពណ៌និងមានក្លិន ចូលទៅក្នុងស្ទឹងព្រែកត្នោត។
ក្រុមហ៊ុននេះ បានធ្វើការលួចបង្ហូរសំណល់រាវបោកគក់ខោខៅប៊យ ចេញទៅក្រៅរោងចក្រ តាមរយៈបំពង់ទុយោពណ៌ខ្មៅ បន្ទាប់មកហូរតាមចង្អូរប្រឡាយដីចូលទៅក្នុងស្ទឹងព្រែកត្នោត ដែលស្ថិតនៅចំណុច ផ្នែកខាងក្រោយទីតាំងក្រុមហ៊ុន ។
តាមការឱ្យដឹងពីប្រជាពលរដ្ឋ ដែលរស់នៅក្នុងតំបន់ទីតាំងក្រុមហ៊ុនបានឱ្យដឹងថា ភាគច្រើនក្រុមហ៊ុននេះ ធ្វើការបង្ហូរសំណល់រាវនៅពេលយប់។
ករណីលួចបង្ហូរសំណល់រាវ មិនបានឆ្លងកាត់អាប្រព្រឹត្តិកម្មត្រឹមត្រូវរបស់រោងចក្រនេះ បានធ្វើឡើងនាពេលកន្លងមក ហើយត្រូវបានក្រុមការងារអធិការកិច្ចរបស់ក្រសួងបរិស្ថាន បានចុះពិនិត្យនិងបានចាត់វិធានការច្បាប់ ផ្អាកដំណើរការផ្នែកផលិតកម្មរបស់ក្រុមហ៊ុន។
បើតាមមាត្រា៨២៤ មានចែងវិធានការរដ្ឋបាល ក្រសួង មានសិទ្ធិនៅក្នុងការផ្អាក ដំណើរការអាជីវកម្មរបស់ក្រុមហ៊ុន។ ហើយបច្ចុប្បន្ន ក្រសួងកំពុងតែរៀបចំឯកសារ ហើយនឹងស្នើសុំកិច្ចសហការពីក្រសួងយុត្តិធម៌ ដើម្បីចុះពិនិត្យ ហើយនឹងបិទអាជីវកម្មរោងចក្រនេះតែម្តង៕










