ប្រិយមិត្តមួយចំនួនជ្រាបមកហើយថាតារាសម្តែង Meng Ziyi និង Wang Hongyi និងក្រុមការងារភាពយន្តបានមកថតរឿងភាគថ្មីរបស់អ្នកទាំងពីរនៅលើទឹកដីខេត្តសៀមរាបដែលបង្កឱ្យទស្សនិកជនក្នុងស្រុកនិងបណ្តាញសង្គមចិនមានការចាប់អារម្មណ៍យ៉ាងខ្លាំង។ ជាមួយគ្នានេះតារាចិនទាំងពីរដួងរួមទាំងតួរងម្នាក់ទៀតគឺបានចែករំលែករូបភាពតំបន់ទេសចរណ៍នៅកម្ពុជាលើប្រព័ន្ធផ្សព្វផ្សាយរបស់ពួកគេផងដែរ។
.png)
បន្ទាប់ពីបញ្ចប់ការថតនៅទីតាំងសៀមរាបអ្នកគាំទ្របានរកឃើញថា តារាប្រុស Wang Hongyi បានបង្ហោះរូបភាពជាច្រើនសន្លឹកនៅលើបណ្តាញសង្គមចិន Weibo របស់លោកក្នុងរូបភាពយ៉ាងស្រស់សង្ហា។ លោកក៏បានបង្ហាញប្លង់រូបភាពជាច្រើនជាមួយនឹងប្រាសាទនៅតំបន់អង្គរ ខណៈមានរូបភាពលើកដៃសំពះយ៉ាងគួរឱ្យស្រលាញ់។ នៅលើ Caption នៃការបង្ហោះរបស់ Wang Hongyi ក៏បានដាក់រូបនិមិត្តសញ្ញាប្រទេសកម្ពុជាផងដែរ។

រយៈពេលដែលតារាប្រុសរូបនេះថតនៅខេត្តសៀមរាបមានអ្នកគាំទ្រជាច្រើនបានចែករំលែកវីដេអូខ្លីៗរបស់លោកមានស្នាមញញឹមរួសរាយរាក់ទាក់ធ្វើខ្លួនយ៉ាងសាមញ្ញ ថែមទាំងភ្លក្សរសជាតិចេកអាំងតាមផ្លូវទៀតផង។
.png)
ងាកទៅកាន់តារាស្រី Meng Ziyi វិញត្រូវបានអ្នកគាំទ្រកោតសរសើរថានាងមានសាច់ម៉ដ្ឋខៃដូចទារក ទោះបីជាមិនសូវមានស្នាមញញឹមច្រើនប៉ុន្តែអ្នកគាំទ្រដែលតាមដានតារាស្រីរូបនេះអះអាងថានាងគឺបែបនេះមិនសូវជាញញឹមច្រើនទេ ជាមនុស្សស្ងប់ស្ងាត់។ តារាស្រីរូបនេះក៏បានបង្ហោះរូបស្អាតៗជាច្រើននៅលើបណ្តាញសង្គម Instagram និងបណ្តាញសង្គម Weibo របស់នាងទាំងនៅតំបន់ប្រាសាទ និងតំបន់ដងទន្លេសាប។.png)
ចំណែកឯតួប្រុសរងនៅក្នុងរឿងមានឈ្មោះថា Ma Sichao ត្រូវបានហ្វេនៗសរសើរមិនដាច់ពីមាត់ថាជាតារាសម្តែងរួសរាយខ្លាំងជាមួយអ្នកគាំទ្រ ជាពិសេសគឺលោកបានបង្ហាញការចូលចិត្តប្រទេសកម្ពុជារាល់វត្ថុអនុស្សាវរីយ៍បានមកពីអ្នកគាំទ្របង្ហោះនៅលើបណ្តាញសង្គមនិងមានរូបភាពជាច្រើនទៀតដែលហាក់បញ្ជាក់ថាលោកពិតជាពេញចិត្តពេញថ្លើមជាមួយនឹងទេសភាពនៅប្រទេសកម្ពុជាណាស់។

គួរបញ្ជាក់ផងដែរថា តារាចិននិងក្រុមការងារបានមកថតខ្សែភាពយន្តមានចំណងជើងថា «San Xian Mi Hui» ដោយតារាសម្តែង Meng Ziyi និង Wang Hongyi គឺជាតួឯកនៅក្នុងរឿងនេះដែលបានមកផ្តិតយករូបភាពនៅលើទឹកដីកម្ពុជា៕










