«ភូមិទឹកស្រែ» ដែលមានទីតាំងស្ថិតនៅភូមិព្រះអង្គកែវ ឃុំដងពែង ស្រុកស្រែអំបិល ខេត្តកោះកុង គឺជាភូមិស្នាក់បែបធម្មជាតិដែលបង្ហាញពីការរស់នៅបែបសាមញ្ញ ងាយស្រួល មិនមានការបែងចែកឋានៈ ហើយពោរពេញទៅដោយបរិយាកាសស្រស់ថ្លា ត្រជាក់ និងស្ងប់ស្ងាត់។ ភូមិនេះជាទីកម្សាន្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរផ្សងព្រេង ដែលនិយមចូលចិត្តបោះតង់ ស្ទូចត្រី សម្រាកលម្ហែកាយ ស្រូបយកខ្យល់បរិសុទ្ធ និងជាតំបន់ដ៏មានសក្តានុពលបំផុតមួយផងដែរ។ 
ដូច្នេះដើម្បីទៅដល់គោលដៅដ៏សែនមនោរម្យនេះ លោកអ្នកត្រូវធ្វើដំណើររយៈពេល ២ ម៉ោងតាមផ្លូវល្បឿនលឿន និងធ្វើដំណើរប្រមាណ ៦ គីឡូម៉ែត្រតាមផ្លូវលេខ ៤៨ ពីស្ពានស្រែអំបិល នោះលោកអ្នកនឹងទៅដល់ «ភូមិទឹកស្រែ» តែម្តង។ កន្លែងទេសចរណ៍នេះគឺនៅកៀកនឹងព្រំប្រទល់ឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង។ នៅពេលទៅដល់ ភ្ញៀវទេសចរនឹងបានឃើញកន្លែងដ៏ស្រស់ស្អាតនៃភូមិទឹកស្រែ ដែលអំណោយផលពីធម្មជាតិ មានវាលស្រែ ដងព្រែក ព្រៃឈើ បក្សាបក្សីហោះហើរទាំងហ្វូងៗ រួមទាំងសត្វអំពិលអំពែកជាច្រើននាពេលរាត្រី ដែលបង្កើតបានជាបរិយាកាសដ៏ទាក់ទាញ និងមិនអាចបំភ្លេចបាន។ 
ទេសភាពពណ៌បៃតងស្រស់បំព្រងនៅទីនេះ ក៏ជួយបន្ធូរអារម្មណ៍តានតឹង អារម្មណ៍នឿយហត់ និងបំបាត់រាល់ទុក្ខកង្វល់ទាំងឡាយទាំងពួង សម្រាប់ភ្ញៀវទេសចរដែលបានមកកម្សាន្តផងដែរ។ ក្រៅពីបោះតង់សម្រាកលម្ហែកាយ អាំងសាច់និយាយរឿងក្នុងចិត្តប្រាប់មនុស្សជាទីស្រឡាញ់ ជាមួយទិដ្ឋភាពស្ងប់ស្ងាត់ លោកអ្នកក៏អាចជិះទូកកម្សាន្ត ជិះកង់គយគន់ធម្មជាតិ ជិះម៉ូតូឡើងភ្នំ ស្ទូចត្រី មើលអំពិលអំពែកនាពេលរាត្រី ជាពិសេសស្រូបយកថាមពលពីខ្យល់អាកាសបរិសុទ្ធបែបធម្មជាតិនៅតំបន់ព្រៃភ្នំថែមទៀតផង។ 
ទោះជាយ៉ាងណាតំបន់នេះមានភ្ញៀវទេសចរតិចណាស់ដែលស្គាល់ ដូច្នេះប្រសិនបើលោកអ្នកបានទៅខេត្តកោះកុង សូមកុំរំលង «ភូមិទឹកស្រែ» ឱ្យសោះបើបានទៅហើយ ដឹងតែជាប់ចិត្តចង់ទៅម្តងទៀត។ ដោយសារនៅទីនេះជាកន្លែងថ្មី មានទេសភាពធម្មជាតិស្រស់ស្អាតណាស់ ហើយក៏ងាយស្រួលសម្រាប់អ្នកដែលធ្លាប់ដើរលក្ខណៈផ្សងព្រេងដែរ មានន័យថា នៅពេលមកដល់ទីនេះលោកអ្នកមិនត្រូវការចំណាយពេលធ្វើដំណើរឆ្ងាយស្ទះចរាចរណ៍នោះទេ ព្រោះតំបន់ភូមិនេះ មានខ្សែផ្លូវដែលងាយស្រួលនិងស្រឡះសម្រាប់ការធ្វើដំណើរ៕










