ឆ្លើយតបទៅកាន់ការរិះគន់ ពីសំណាកមហាជន និងលោក ផែង វណ្ណៈ ដែលថាកងកម្លាំងសមត្ថកិច្ចខេត្តឧត្តរមានជ័យ មិនចេះធ្វើការ ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនបុរស២រូប ដែលប្រគល់គ្រាប់មីនឱ្យទៅសមត្ថកិច្ច ពេលនេះស្នងការខេត្តបានចេញមកបញ្ជាក់ច្បាស់ៗ ដើម្បីរក្សាកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ដឹកនាំ ក៏ដូចជាកងកម្លាំងនគរបាលជាតិ។
បើតាមស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ បានបញ្ជាក់ថា៖” នៅក្នុងករណីនេះជនសង្ស័យទាំងពីរនាក់ខាងលើ មានចេតនាយ៉ាងពិតប្រាកដ ក្នុងការប្រព្រឹត្តបទល្មើសនាំយកគ្រាប់មីនតោនចេញពីទីតាំងតំបន់ស រវាងព្រំដែនប្រទេសទាំងពីរ ដោយហេតុថា កន្លងមក ជនសង្ស័ុម្នាក់ ក្នុងចំណោម២នាក់ ឈ្មោះ ទី ពិទូ ធ្លាប់បានដឹង និងបានចុះទៅថតផ្សព្វផ្សាយអំពីរឿងមីនតោននេះ ហើយត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ពន្យល់បកស្រាយរួចហើយដែរ”។
តែផ្ទុយមកវិញ ជនសង្ស័យនៅតែគឃ្លីនពុំស្តាប់តាមការណែនាំរបស់អាជ្ញាធរមានសមត្ថកិច្ច និង ហ៊ានរហូតដល់ប្រព្រឹត្តបទល្មើសជាក់ស្តែង ទើបសមត្ថកិច្ចធ្វើការឃាត់ខ្លួន និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្ត ដើម្បីចាត់វិធានការបន្តតាមនីតិវិធីច្បាប់។
គួរបញ្ជាក់ថា សកម្មភាពល្មើសច្បាប់នេះ អាចបង្កផលប៉ះពាល់ដល់ការទំនាក់ទំនងព្រំដែនរវាងប្រទេសទាំងពីរ កម្ពុជា-ថៃ៕