សហរដ្ឋអាមេរិក ៖ សារព័ត៌មានបរទេសបានរាយការណ៍កាលពីថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៥ ថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Japan Airlines (JAL) បានបុកជាមួយយន្តហោះក្រុមហ៊ុនអាកាសចរណ៍ Delta Airlines នៅអាកាសយានដ្ឋានអាមេរិក ប៉ុន្តែសំណាងល្អ អ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុបជាង៣០០នាក់ គ្មានរបួសស្នាម ខណៈថ្មីៗនេះ អាមេរិកទើបកើតហេតុការណ៍យន្តហោះបុកឧទ្ធម្ភាគចក្រនៅលើអាកាស ដែលបណ្តាលឱ្យមនុស្សស្លា.ប់ ទាំងអស់ ។
ហេតុការណ៍នេះកើតឡើងនៅអាកាសយានដ្ឋាន Tacoma International Airport ក្នុងទីក្រុង Seattle កាលពីថ្ងៃទី៥ ខែកុម្ភៈ (ពេលវេលានៅអាមេរិក) ដោយស្លាបខាងស្តាំរបស់យន្តហោះ Japan Airlines បានបុកផ្នែកខាងក្រោយយន្តហោះ Delta Airlines រហូតធ្វើឱ្យអាកាសយានដ្ឋានផ្អាកការហោះហើរមួយចំនួន ។ យន្តហោះ Japan Airlines មានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ សរុប១៨៥នាក់ រីឯយន្តហោះ Delta Airlines មានចំនួន១៤២នាក់ ។
យន្តហោះ Boeing 737-800 របស់ Delta Airlines កំណត់ការហោះហើរទៅកាន់ទីក្រុង Puerto Vallarta ប្រទេសម៉ិកស៊ិក ហើយយន្តហោះនេះកំពុងរង់ចាំឱ្យទឹកកករលាយ ប៉ុន្តែត្រូវបានយន្តហោះ Boeing 787-9 របស់ Japan Airlines មកបុកផ្នែកខាងក្រោយពេលចុះចតនៅអាកាសយានដ្ឋាន ក្រោយធ្វើដំណើរមកពីទីក្រុងតូក្យូ ប្រទេសជប៉ុន ។ ភ្នាក់ងារសង្គ្រោះបានជម្លៀសអ្នកដំណើរចេញពីយន្តហោះទាំង២គ្រឿង និងគ្មានអ្នកដំណើរណាម្នាក់រងរបួសទេ ។ 
ការិយាល័យរដ្ឋបាលអាកាសចរណ៍អាមេរិកនឹងស៊ើបអង្កេតហេតុការណ៍នេះ ហើយពួកគេនិយាយថា គ្រោះថ្នាក់មិនស្ថិតក្នុងតំបន់ក្រោមការគ្រប់គ្រងរបស់ចរាចរណ៍ផ្លូវអាកាស ។ រីឯភ្នាក់ងារអាកាសយានដ្ឋាន Tacoma ឱ្យដឹងថា ហេតុការណ៍នេះបានប៉ះពាល់តិចតួចដល់ការងាររបស់អាកាសយានដ្ឋាន ។
កាលពីចុងខែមករា ឆ្នាំ២០២៥ អាមេរិកទើបតែកើតហេតុការណ៍យន្តហោះបុកគ្នាលើអាកាសនៅក្បែរអាកាសយានដ្ឋាន Reagan International Airport ទីក្រុងវ៉ាស៊ីនតោន គឺយន្តហោះក្រុមហ៊ុន American Airlines ដែលមានអ្នកដំណើរ និងបុគ្គលិកអាកាសចរណ៍ ៦៤នាក់ បានបុកឧទ្ធម្ភាគចក្រ Black Hawk របស់កងទ័ពអាមេរិក ដែលមានអាកាសយានិក និងកងទ័ព ៣នាក់ ។ ហេតុការណ៍នេះបណ្តាលឱ្យមនុស្សទាំងអស់លើយន្តហោះស្លាប់ រួមទាំងក្រុមកីឡាករល្បីរបស់អាមេរិក ហើយវាជាគ្រោះថ្នាក់លើអាកាសអាក្រក់បំផុតនៅទីក្រុងវ៉ាស៊ីនតោន ៕










