សហរដ្ឋអាមេរិក ៖ ប្រទេសនានាលើពិភពលោកចាប់អារម្មណ៍យ៉ាងខ្លាំង ក្រោយពីប្រធានាធិបតីអាមេរិក លោក Donald Trump ប្រកាសថា អាមេរិកនឹងដណ្តើមយកតំបន់ Gaza ដោយប្រើប្រាស់កម្លាំងទ័ព ហើយអាមេរិកនឹងអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់នេះ បន្ទាប់ពីបណ្តេញពលរដ្ឋប៉ាឡេស្ទីនទៅរស់នៅកន្លែងផ្សេង ។.png)
សមាជិកព្រឹទ្ធសភាមកពីគណបក្សប្រជាធិបតេយ្យ លោក Chris Murphy បានសរសេរក្នុងបណ្តាញសង្គម X ថា លោក Trump ជ្រុលពេកហើយ ដែលចង់ឱ្យអាមេរិកវាយលុកតំបន់ Gaza ។ វានឹងធ្វើឱ្យកងទ័ពអាមេរិកបាត់បង់ជីវិតយ៉ាងច្រើន និងកើតសង្គ្រាមនៅមជ្ឈិមបូព៌ាអូសបន្លាយជាច្រើនឆ្នាំ ។
ដូចគ្នានេះ សមាជិកសភាគណបក្សប្រជាធិបតេយ្យឱ្យដឹងថា ការលើកឡើងនេះគ្មានទំនួលខុសត្រូវ និងគ្មានហេតុផល ហើយអាចប៉ះពាល់ដល់ការឈប់បាញ់គ្នារវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។ យើងចាំបាច់ត្រូវពិចារណាថា ហេតុអ្វីលោក Trump ចង់បានតំបន់ Gaza ពីព្រោះគ្រប់រឿងដែលលោកនិយាយ គឺសុទ្ធតែពាក់ព័ន្ធនឹងប្រយោជន៍ផ្ទាល់ខ្លួន និងសាច់ញាតិរបស់លោក ។ 
លោក Trump បាននិយាយពីការវាយលុកតំបន់ Gaza កាលពីថ្ងៃទី៤ ខែកុម្ភៈ ឆ្នាំ២០២៥ ប៉ុន្តែលោកពុំបានបញ្ជាក់ចំណុចលម្អិតពីការអភិវឌ្ឍ ឬគ្រប់គ្រងក្នុងតំបន់ទេ ។ វាធ្វើឱ្យប្រទេសនានាឆ្ងល់ថា តើអាមេរិកនឹងបញ្ជូនអ្នកណាទៅរស់នៅ Gaza ពីព្រោះតំបន់នេះស្ថិតនៅច្រាំងខាងកើតនៃសមុទ្រមេឌីទែរ៉ាណេ ដែលមានសក្តានុពលសម្រាប់មជ្ឈិមបូព៌ា ។

នៅថ្ងៃដដែល លោក Trump បានស្នើឱ្យបណ្តេញពលរដ្ឋប៉ាឡេស្ទីនចេញពីតំបន់ Gaza ទៅរស់នៅប្រទេសជិតខាងជារៀងរហូត ដោយលោកបញ្ជាក់ថា តំបន់ Gaza គឺជាទីតាំងការរុះរើ ។ រីឯមេដឹកនាំអ៊ីស្រាអែលនិយាយថា លោក Trump កំពុងគិតហួសព្រំដែន និងបំផ្លាញការគិតពីមុន ។
ចំណែកមន្ត្រីជាន់ខ្ពស់របស់ក្រុមប្រដាប់អាវុធហាម៉ាស់ឱ្យដឹងថា ការឱ្យពលរដ្ឋរស់នៅតំបន់ Gaza ផ្លាស់ទៅរស់នៅកន្លែងផ្សេង គឺជាការបណ្តេញពួកគេចេញពីទឹកដីរបស់ខ្លួន ។ វានឹងបង្កភាពវឹកវរ និងតានតានក្នុងតំបន់ ពីព្រោះពលរដ្ឋ Gaza គ្មានថ្ងៃឱ្យស្ថានការណ៍នេះកើតឡើងទេ ៕










