ថ្មីៗនេះ មានការហៀរកំពប់ប្រេង ដែលបណ្តាលមកពីការធ្លាយរ៉ងបំពង់ក្នុងឃ្លាំងស្តុកប្រេង ស្ថិតនៅស្រុកស្ទឹងហាវ បានធ្វើឱ្យប៉ះពាល់ឆ្នេរព្រែកត្រែង និងតាមទីតាំងមួយចំនួនទៀតដែលមានកក់កំណកប្រេង ស្ថិតនៅភូមិ៣ សង្កាត់លេខ១ ក្រុងព្រះសីហនុ និងឃុំអូរត្រេះ ស្រុកស្ទឹងហាវ ខេត្តព្រះសីហនុ។
បើតាម លោក ឡុង ឌីម៉ង់ អភិបាលរងខេត្ត បានឱ្យដឹងថា៖” ការសម្អាតប្រេងដែលអណ្តែតមកលើឆ្នេរព្រែកត្រែង ទទួលបានលទ្ធផលប្រមាណជិត១០០ភាគរយហើយ ដោយស្ថានភាពឆ្នេរ និងផ្ទៃទឹកសមុទ្រនាពេលនេះ មានសភាពល្អប្រសើរ”។
បច្ចុប្បន្នរដ្ឋបាលខេត្ត បានដាក់ស្លាកសញ្ញាហាមឃាត់ចុះមុជទឹកក្នុងរយៈពេលខ្លីសិន ដើម្បីត្រួតពិនិត្យឱ្យប្រាកដ ថាអស់ប្រេង។
បន្ថែមពីនេះទៀត នៅពេលអស់ប្រេង ក៏នឹងមានការពិនិត្យគុណភាពទឹកផងដែរ ដើម្បីធានាថាគុណភាពទឹកសមុទ្រ នឹងវិលទៅរកស្ថានភាពដូចដើមវិញ។
សូមបញ្ជាក់ថា ឆ្នេរព្រែកត្រែង ជាឆ្នេរសមុទ្រ ដែលមានប្រវែងខ្លីជាងគេ ប្រមាណជា១ គីឡូម៉ែត្រ ស្ថិតនៅក្នុងភូមិទំនប់រលក សង្កាត់លេខ១ ក្រុងព្រះសីហនុ។
ឆ្នេរនេះ មានឆ្នេរខ្សាច់ពណ៌សចាំងឆ្លុះ និងទឹកសមុទ្រពណ៌ខៀវស្រងាត់ អមដោយទេសភាពធម្មជាតិមានពណ៌បៃតងគ្រប់រដូវកាល មានជំនោរខ្យល់សមុទ្រត្រជាក់ និងបរិសុទ្ធគួរជាទីមនោរម្យសម្រាប់ការសម្រាកលម្ហែកាយ៕









