ពិធីបុណ្យចូលឆ្នាំប្រពៃណីចិនបានប្រព្រឹត្តិទៅដោយរលូននាថ្ងៃទី ២៨ ខែមករា ឆ្នាំ២០២៥នេះ ដោយសង្កេតឃើញថា ជ្រូកខ្វៃ នៅតែជាទីពេញនិយមក្នុងចំណោមទាំងជនជាតិចិន និងប្រជាពលរដ្ឋខ្មែរដែលជាប់ខ្សែស្រឡាយចិន។
ជាការពិតណាស់ថា នៅក្នុងពិធីបុណ្យចូលឆ្នាំប្រពៃណីចិន គេតែងរៀបចំគ្រឿងដង្វាយផ្សេងៗ ដូចជាបាយ សម្ល ឆាបន្លែ មាន់ទា ភេសជ្ជៈ នំពងទា ផ្លែឈើ និងក្រដាសសែនជាដើម ហើយអ្វីគ្រួសារភាគច្រើនមិនដែលរំលងនោះ គឺជ្រូកខ្វៃ។ តាមជំនឿចិន ជ្រូកខ្វៃគឺតំណាងឲ្យការរកស៊ីមានបាន ហូបឆ្ងាញ់ និងគេងលក់ស្រួល។ ដូច្នេះហើយ គ្រួសារធូធារភាគច្រើនគឺគេនឹងសែនជ្រូខ្វៃកជាដង្វាយ ដើម្បីឲ្យកូនចៅបានបានទទួលទានផង និងជឿថាមានសិរីសួស្តីនិងលាភសំណាងធំដល់ក្រុមគ្រួសារទាំងមូលផងដែរ។
តែយ៉ាងណា សត្វជ្រូកក៏ស្ថិតនៅក្នុងឆ្នាំកំណើតទាំង ១២ផងដែរ ដែលត្រូវបានគេស្គាល់ថាជាឆ្នាំកុរ ដូច្នេះហើយអ្នកដែលកើតឆ្នំាកុរ គឺគេនឹងមិនសែនជ្រូកខ្វៃឡើយ ព្រោះប្រៀបបាននឹងការសែននិងហូបសាច់ខ្លួនឯង។ អ៊ីចឹងហើយជំនួសមកវិញ គេនឹងសែនមាន់ ទា ត្រីជាដើម។
សូមជម្រាបថា ជ្រូកខ្វៃតែងលេចវត្តមានក្នុងពិធីប្រពៃណីជាច្រើន ស្របតាមជំនឿជនជាតិចិន ដែលមិនត្រឹមតែក្នុងពិធីចូលឆ្នាំចិនទេ សូម្បីតែពិធីមង្គលការ ខួបកំណើត សែនក្បាលទឹក និងឱកាសពិសេសៗ គឺគេតែងរៀបចំដង្វាយជាជ្រូកខ្វៃ ឬក៏អវៈយវៈផ្សេងៗនៃជ្រូក ដូចជាក្បាលជ្រូកស្ងោរជាដើម។ ទោះជាយ៉ាងណា សំណែនជ្រូកខ្វៃនេះគឺជាទំនៀមទម្លាប់របស់ក្រុមគ្រួសារនីមួយៗ និងមិនតម្រូវថាទាល់តែសែនជ្រូកទើបមានសិរីសួស្តីនោះទេ៕