សហរដ្ឋអាមេរិក ៖ ក្រសួងមហាផ្ទៃអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់រដ្ឋាភិបាលលោកប្រធានាធិបតី Donald Trump បានប្រកាសកាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ២០២៥ ថា បានផ្លាស់ប្តូរឈ្មោះ «ឈូងសមុទ្រម៉ិកស៊ិក» ទៅជា «ឈូងសមុទ្រអាមេរិក» ជាផ្លូវការ ។ រីឯភ្នំ Denali នៅរដ្ឋអាឡាស្កា ក៏ប្តូរមកប្រើប្រាស់ឈ្មោះចាស់ថា ភ្នំ McKinley វិញ ។.png)
ការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រ និងភ្នំនេះ គឺធ្វើឡើងតាមបញ្ជារបស់លោក Trump ដែលលោកបានចុះហត្ថលេខាលើបទបញ្ជាជាច្រើនច្បាប់ ក្រោយពីការស្បថឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកកាលពីថ្ងៃទី២០ ខែមករា មិនប៉ុន្មានម៉ោង ។ ការផ្លាស់ប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិក គឺលោកធ្វើតាមការសន្យាក្នុងពេលរកសំឡេងឆ្នោត ។
ភ្នំនៅរដ្ឋអាឡាស្កា ត្រូវបានដាក់ឈ្មោះថា ភ្នំ McKinley ដើម្បីជាការផ្តល់កិត្តិយសដល់អតីតប្រធានាធិបតីអាមេរិក លោក William McKinley ប៉ុន្តែក្រោយមក ភ្នំនេះក៏ប្តូរឈ្មោះជា Denali មានន័យថា «ខ្ពស់» តាមភាសាជនជាតិដើមភាគតិច ក្នុងឆ្នាំ១៩៧៥ ។ ការប្តូរឈ្មោះថ្មីនេះ គឺធ្វើតាមការស្នើសុំរបស់អាជ្ញាធររដ្ឋអាឡាស្កា នាពេលនោះ ។
មន្ត្រីក្រសួងមហាផ្ទៃអាមេរិកបញ្ជាក់ថា ការប្តូរឈ្មោះទាំងនេះបញ្ជាក់ពីការប្តេជ្ញាចិត្តថែរក្សាសម្បត្តិជាតិដ៏ពិសេសរបស់អាមេរិក និងដើម្បីឱ្យយុវជនអាមេរិកជំនាន់ក្រោយទទួលស្គាល់ទ្រព្យសម្បត្តិប្រវត្តិសាស្ត្រ ។
ពេលឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិក លោក Trump ថ្លែងថា អតីតប្រធានាធិបតីអាមេរិក លោក McKinley ដែលកាន់តំណែងចាប់ពីឆ្នាំ១៨៩៧ ដល់ឆ្នាំ១៩០១ លោកបានធ្វើឱ្យអាមេរិកក្លាយជាប្រទេសអ្នកមាន ដោយសារការប្រមូលពន្ធ និងទទួលពរពីលើមេឃ ។ លោក McKinley ធ្វើឱ្យអាមេរិកទទួលបានទឹកដីហាវ៉ៃ, កោះហ្គួន និងព័រតូរីកូ ក្រោយមក ហាវ៉ៃ ក៏ក្លាយជារដ្ឋទី៥០ របស់អាមេរិក ។

ចំណែកប្រទេសម៉ិកស៊ិកបញ្ជាក់ថា ការប្តូរឈ្មោះឈូងសមុទ្រម៉ិកស៊ិករបស់អាមេរិក គឺគ្មានការទទួលស្គាល់ជាអន្តរជាតិទេ ពីព្រោះអន្តរជាតិទទួលស្គាល់ឈូងសមុទ្រម៉ិកស៊ិករាប់រយឆ្នាំហើយ ។ លោកស្រី Claudia Sheinbaum ប្រធានាធិបតីម៉ិកស៊ិកថ្លែងថា ទ្វីបអាមេរិកខាងជើង រួមទាំងអាមេរិក គួរប្តូរឈ្មោះជា «Mexican America» គឺជាឈ្មោះប្រវត្តិសាស្ត្រដែលធ្លាប់ប្រើប្រាស់ក្នុងផែនទីដំបូង ៕










