សហរដ្ឋអាមេរិក៖ ថ្មីៗនេះស្ថាបនិក SpaceX លោក Elon Musk បានសរសេរនៅលើបណ្តាញសង្គម X ថាខ្លួននឹងសាកល្បងមុខងារ Starlink Direct-to-Cell នៅប៉ុន្មានថ្ងៃខាងមុខ ដែលអនុញ្ញាតឱ្យស្មាតហ្វូនទាំងអស់អាចភ្ជាប់ដោយផ្ទាល់ទៅនឹងផ្កាយរណប ដើម្បីប្រើប្រាស់អ៊ីនធឺណិត។
យោងតាមសារព័ត៌មានបរទេសចុះផ្សាយថា មុខងារថ្មីនេះត្រូវបានសាកល្បងជាលើកដំបូងនៅអាមេរិក បន្ទាប់មកនឹងពង្រីកទៅក្រុមហ៊ុនផ្សេងទៀតទូទាំងពិភពលោក។ សម្រាប់ព័ត៌មានលម្អិតក្រុមហ៊ុននឹងប្រកាសក្នុងពេលឆាប់ៗនេះ ទាក់ទងនឹងឧបករណ៍ដែលគាំទ្រ និងរបៀបចូលរួមក្នុងកម្មវិធីបេតា ដើម្បីដំណើរការមុខងារ Starlink Direct-to-Cell ។
Starlink Direct-to-Cell គឺជាមុខងារមួយដែលអនុញ្ញាតឱ្យឧបករណ៍ចល័តភ្ជាប់ដោយផ្ទាល់ទៅនឹងប្រព័ន្ធផ្កាយរណប ដោយមិនចាំបាច់ទិញកាតបញ្ចូលលុយដូចសព្វថ្ងៃនេះទៀតទេ។ មានន័យថាលោកអ្នកគ្រាន់តែប្រើមុខងារនេះ គឺអាចប្រើប្រាស់អ៊ីនធឺណិតបានដោយសេរីគ្រប់ទីកន្លែងតែម្តង។ មុខងារ Direct-to-Cell របស់ Starlink ក៏ជាជំហានដ៏សំខាន់មួយឆ្ពោះទៅមុខក្នុងការផ្សារភ្ជាប់គម្លាតទំនាក់ទំនងសកលផងដែរ។ ដូច្នេះមនុស្សរាប់លាននាក់នៅតំបន់ជនបទ និងដាច់ស្រយាលដែលខ្វះសេវាទូរស័ព្ទគឺលែងបារម្ភទៀតហើយ។
ការបង្កើតសេវាកម្មថ្មីនេះ គឺដើម្បីឱ្យមានផ្កាយរណបចំនួន ៤២,០០០ ដែលចូលរួមក្នុងបណ្តាញអ៊ីនធឺណិតអវកាស។ តាមពិតទៅប្រព័ន្ធអ៊ីនធឺណិតផ្កាយរណប Starlink គឺមានជាយូរមកហើយ គ្រាន់តែមិនទូលំទូលាយ ដោយសារមហាសេដ្ឋី Elon Musk ចង់ភ្ជាប់តែប៉ុន្មានតំបន់ប៉ុណ្ណោះ។ ទោះជាយ៉ាងណាលោកក៏ចាប់ផ្តើមមានគំនិតចង់ភ្ជាប់សេវាកម្មនេះទូទាំងពិភពលោកតែម្តង ដូច្នេះសេវាអ៊ីនធឺណិតផ្កាយរណបរបស់ក្រុមហ៊ុនបច្ចុប្បន្នគឺបានឈានដល់ល្បឿន ៥០ – ១៥០ Mbps ខណៈតំបន់ខ្លះមានល្បឿនរហូតដល់ ១៧៥ Mbps ឯណោះ៕










