ក្រុមអ្នកជំនាញសរសៃប្រសាទបានរកឃើញទិន្នន័យដែលអាចជួយឱ្យយើងដឹងពីនាទីចុងក្រោយមុនពេលលាចាកលោករបស់មនុស្សថា តើមានអ្វីកើតឡើងក្នុងខួរក្បាលរបស់មនុស្សជិតស្លា.ប់? កាលពីឆ្នាំ២០២២ គេហទំព័រ Frontiers in Aging Neuroscience បានផ្សព្វផ្សាយពីលទ្ធផលការស្រាវជ្រាវមួយថា រលកខួរក្បាលរបស់មនុស្សទើបតែស្លា.ប់ នៅតែដំណើរការ ។ រីឯមនុស្សភាគច្រើនជឿថា មនុស្សស្លា.ប់ ថ្មីៗ ខួរក្បាលនឹងលែងដំណើរការ គឺពុំពិតឡើយ ។.png)
ក្រុមអ្នកជំនាញសរសៃប្រសាទនៅសាកលវិទ្យាល័យ Tartu ប្រទេសអេស្តូនី បានស្រាវជ្រាវស៊ីជម្រៅពីខួរក្បាលរបស់អ្នកជំងឺឆ្កួតជ្រូកម្នាក់ ដោយពួកគេប្រើប្រាស់ឧបករណ៍ត្រួតពិនិត្យរលកខួរក្បាល ព្រមទាំងព្យាយាមត្រួតពិនិត្យសញ្ញាប្រកាច់របស់អ្នកជំងឺ ។ បើទោះជាទទួលការព្យាបាលយ៉ាងដិតដល់ក្តី ប៉ុន្តែអ្នកជំងឺរូបនេះបានស្លាប់បាត់បង់ជីវិតដោយសារគាំងបេះដូង ។

ពួកគេនៅតែត្រួតពិនិត្យខួរក្បាលរបស់អ្នកជំងឺបន្តទៀត ដែលជាការស្រាវជ្រាវលើកដំបូង ។ អ្នកស្រាវជ្រាវនិយាយថា យើងបានវាស់សកម្មភាពខួរក្បាល ចំនួន៩០០វិនាទី ពេលអ្នកជំងឺជិតផុតដង្ហើម ហើយយើងកំណត់គោលដៅថា តើមានអ្វីកើតឡើងក្នុងរយៈពេល ៣០វិនាទីមុន និងក្រោយពេលបេះដូងឈប់លោត ។
លទ្ធផលការស្រាវជ្រាវបង្ហាញថា រយៈពេលមុន និងក្រោយពេលបេះដូងឈប់លោត គឺរលកខួរក្បាលផ្លាស់ប្តូរ ហើយរលកខួរក្បាលរបស់អ្នកជំងឺដែលទើបផុតដង្ហើម មានលក្ខណៈស្រដៀងគ្នានឹងរលកខួរក្បាលដែលកើតឡើងពេលយើងដេកសុបិន គិតពីការចងចាំរឿងរ៉ាវអតីតកាល ឬដូចអង្គុយសមាធិ ។ ពេលជិតផុតដង្ហើម អ្នកជំងឺធ្ងន់តែងតែនឹកឃើញដល់ជីវិតកាលពីអតីតកាល ។
រលកខួរក្បាលពាក់ព័ន្ធនឹងការរំលឹកឡើងវិញនូវការចងចាំពីអតីតកាល គឺអាចធ្វើឱ្យខួរក្បាលគិតដល់ហេតុការណ៍សំខាន់ៗក្នុងជីវិតជាលើកចុងក្រោយ ។ អ្វីដែលយើងអាចរៀនសូត្រពីការស្រាវជ្រាវនេះ គឺបើទោះជាមនុស្សជាទីស្រឡាញ់របស់យើងបិទភ្នែក និងត្រៀមលាចាកលោក ជារៀងរហូតគ្មានថ្ងៃវិលត្រឡប់ ប៉ុន្តែខួរក្បាលរបស់ពួកគេអាចកំពុងគិតពីរឿងរ៉ាវល្អៗក្នុងជីវិតម្តងហើយម្តងទៀត ៕










