សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៥ សារព័ត៌មាន AFP រាយការណ៍ថា រដ្ឋាភិបាលប្រេស៊ីលបង្ហាញការមិនពេញចិត្តយ៉ាងខ្លាំងចំពោះអាជ្ញាធរអាមេរិក ដែលបញ្ជូនពលរដ្ឋប្រេស៊ីលរស់នៅអាមេរិកខុសច្បាប់ត្រឡប់មកប្រទេសវិញ តាមយន្តហោះគ្មានម៉ាស៊ីនត្រជាក់ និងដាក់ខ្នោះ ដៃជើង។ លើសពីនេះ ពលរដ្ឋប្រេស៊ីលដែលអាមេរិកបញ្ជូនមកវិញ គឺពុំអនុញ្ញាតឱ្យផឹកទឹក ឬចូលបន្ទប់ទឹកលើយន្តហោះទេ ។
.jpg)
រដ្ឋាភិបាលប្រេស៊ីលហៅទង្វើនេះថា ជាការរំលោភសិទ្ធិជនអន្តោប្រវេសន៍ ដែលអាមេរិកបានបណ្តេញចេញពីទឹកដីរបស់ខ្លួន ។ ជាមួយគ្នានេះ ក៏មានសេចក្តីរាយការណ៍ថា ក្រោយពីយន្តហោះអាមេរិកចុះចតនៅអាកាសយានដ្ឋានទីក្រុង Manaus ខេត្ត Amazonas ស្ថិតនៅភាគខាងជើងប្រទេសប្រេស៊ីស អាជ្ញាធរប្រេស៊ីលបានប្រាប់ឱ្យអាជ្ញាធរអាមេរិកដោះខ្នោះដៃចេញពីពលរដ្ឋប្រេស៊ីលជាបន្ទាន់ ។
លោក Ricardo Lewandowski រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ប្រេស៊ីល បានជូនដំណឹងទៅប្រធានាធិបតីប្រេស៊ីល លោក Luiz Inácio Lula da Silva អំពីការល្មើសសិទ្ធិពលរដ្ឋប្រេស៊ីល ។ រីឯក្រសួងការបរទេសប្រេស៊ីលបានអំពាវនាវឱ្យមានការបកស្រាយពីអាមេរិកថា ហេតុអ្វីធ្វើបែបនេះដាក់ពលរដ្ឋប្រេស៊ីល ចំនួន៨៨នាក់ ដែលអាមេរិកបញ្ជូនពួកគេត្រឡប់មកប្រទេសវិញ កាលពីថ្ងៃទី២៤ ខែមករា កន្លងមក ។
លោក Edgar da Silva Moura អាយុ៣១ឆ្នាំ អ្នកជំនាញបច្ចេកទេសកុំព្យូទ័រ គឺជាជនអន្តោប្រវេសន៍ម្នាក់ដែលត្រូវបានឃុំខ្លួននៅអាមេរិកជាង៧ខែ មុនពេលអាមេរិកបញ្ជូនមកប្រទេសវិញ និយាយថា ៖ «ពួកគេមិនឱ្យយើងផឹកទឹកលើយន្តហោះទេ យើងត្រូវដាក់ខ្នោះដៃជើង ហើយពួកគេហាមឃាត់យើងចូលបន្ទប់ទឹក ។ អាកាសធាតុក្តៅខ្លាំងណាស់ រហូតដល់អ្នកខ្លះខ្យល់គរ» ។
ជនអន្តោប្រវេសន៍ប្រេស៊ីលម្នាក់ទៀត គឺលោក Luis Antonio Rodriguez Santos អាយុ២១ឆ្នាំ អ្នកនិពន្ធឯករាជ្យ បានរៀបរាប់ពីហេតុការណ៍ដូចសុបិនអាក្រក់ថា ៖ «រយៈពេល៤ម៉ោងលើយន្តហោះ ពួកគេពុំបើកម៉ាស៊ីនត្រជាក់ទេ ដោយសារមានបញ្ហាបច្ចេកទេស ។ អ្វីគ្រប់យ៉ាងផ្លាស់ប្តូរអស់ហើយពេលលោក Donald Trump ត្រឡប់មកកាន់តំណែងប្រធានាធិបតីអាមេរិក ពួកគេធ្វើដាក់ជនអន្តោប្រវេសន៍ដូចឧក្រិដ្ឋជន» ។

គួរបញ្ជាក់ថា លោក Donald Trump បានសន្យាពេលរកសំឡេងឆ្នោតថា លោកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីទឹកដីអាមេរិកឱ្យអស់បើលោកជាប់ឆ្នោតក្លាយជាប្រធានាធិបតី ពីព្រោះលោកយល់ថា អធិបតេយ្យភាពអាមេរិកកំពុងរងការវាយប្រហារពីជនអន្តោវេសន៍ខុសច្បាប់ ៕










