មហាវិថីសម្ដេចតេជោហ៊ុនសែន ឬគេស្គាល់ជាទូទៅថា ផ្លូវ៦០ម៉ែត្រ នឹងមានរនាំងដែកពុះចែកទ្រូងផ្លូវ ក្រោយពីមានគ្រោះថ្នាកចរាចរណ៍បុកស្លាប់ជាច្រើនករណី។
បើតាមប្រសាសន៍សម្ដេចធិបតី ហ៊ុន ម៉ាណែត ថែ្លងក្នុងពិធីបិតសន្និបាតបូកសរុបការងាររបស់ក្រសួងសាធារណការ និងដឹកជញ្ជូន បានសម្រេចឱ្យឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ រៀបចំដាករខណ្ឌចែកទ្រូងផ្លូវនៅផ្លូវ៦០ម៉ែត្រ ដើម្បីកុំឱ្យមានការវ៉ាជែងខុសគន្លង ដែលអាចបង្កជាគ្រោះថ្នាក់ចរាចរណ៍។

បន្ថែមពីនេះ ការធ្វើដំណើរលើមហាវិថីនេះ នឹងត្រូវកំណត់ល្បឿនដោយចាប់ពីភ្លើងស្តុបមែកសឺដែសដល់ស្ពានអាកាសមរតកតេជោអាចបើកបរក្នុងល្បឿន ៤០គីឡូម៉ែត្រក្នុងមួយម៉ោង ខណៈចាប់ពីផ្លូវជាតិលេខ២ មកដល់ភ្លើងស្តុបមែកសឺដែសកំណត់ល្បឿន៦០គីឡូម៉ែត្រក្នុងមួយម៉ោង។

ផ្លូវ៦០ម៉ែត្រ ជាផ្លូវសំខាន់តភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ ឆ្លងកាត់បឹងជើងឯក និងបឹងទំពុន ហើយភ្ជាប់ជាមួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។

គួរបញ្ជាក់ថា មហាវិថីសម្តេចតេជោហ៊ុនសែន បានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd និង ត្រូវបានសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧៕










