សហរដ្ឋអាមេរិក ៖ កាលពីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានបរទេសរាយការណ៍ថា រដ្ឋាភិបាលអាមេរិកស្ថិតក្រោមការគ្រប់គ្រងរបស់លោកប្រធានាធិបតី Donald Trump នឹងបញ្ជូនកងទ័ព១ម៉ឺននាក់ ទៅប្រចាំការនៅតាមតំបន់ព្រំដែនជាប់ប្រទេសម៉ិកស៊ិក ដើម្បីទប់ស្កាត់ការហូរចូលជនអន្តោប្រវេសន៍ខុសច្បាប់ ។
ក្រោយពីលោក Trump ឡើងកាន់តំណែងជាប្រធានាធិបតីអាមេរិកភ្លាម លោកក៏បានប្រកាសអាសន្នថ្នាក់ជាតិនៅព្រំដែនជាប់ម៉ិកស៊ិក ថា អធិបតេយ្យភាពរបស់អាមេរិកកំពុងរងការវាយប្រហារ ។ ការគ្រប់គ្រងជនអន្តោប្រវេសន៍ គឺជាការសន្យាមួយក្នុងពេលរកសំឡេងឆ្នោតរបស់លោក Trump ដែលលោកបានសន្យាជាច្រើនលើកថា នឹងបិទព្រំដែន និងបង្កើនវិធានការការពារតាមច្បាប់ ។
តាមកំណត់ត្រារបស់ការិយាល័យគយ និងការពារព្រំដែន ចុះថ្ងៃទី២១ ខែមករា ឆ្នាំ២០២៥ បញ្ជាក់ថា រដ្ឋាភិបាលរបស់លោក Trump មានគម្រោងពង្រាយកងទ័ព១ម៉ឺននាក់ នៅតំបន់ព្រំដែនភាគខាងត្បូង ។ កំណត់ត្រានេះបញ្ជាក់ថា មន្ត្រីផ្នែកគ្រប់គ្រងរបស់លោក Trump បានដាក់សំណើទៅក្រសួងការពារជាតិដើម្បីស្នើសុំធនធាន និងមន្ត្រីជំនាញបច្ចេកវិទ្យា ។.png)
ប៉ុន្តែខាងកងទ័ពបានជំទាស់នឹងរឿងនេះ ពីព្រោះជឿថា ការបញ្ជូនកម្លាំងទ័ពយ៉ាងច្រើនទៅកាន់ព្រំដែនតែ១លើក អាចធ្វើឱ្យពួកគេបោះបង់ភារកិច្ចផ្សេងទៀត និងត្រូវប្រើប្រាស់ធនធានខ្ជះខ្ជាយ ។ រីឯមន្ត្រីក្រសួងការពារជាតិជាន់ខ្ពស់បដិសេធថា គ្មានការបង្ហាញចំនួនកងទ័ព១ម៉ឺននាក់ទេ វាឆាប់រហ័សខ្លាំងពេក បច្ចុប្បន្ន ក្រសួងការពារជាតិកំពុងរៀបចំគម្រោងជាមួយស្ថាប័នផ្សេងៗ ។
គួរបញ្ជាក់ថា លោក Trump បានសន្យាជាមួយពលរដ្ឋថា បើជាប់ឆ្នោតក្លាយជាប្រធានាធិបតីអាមេរិក លោកនឹងបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទាំងអស់ត្រឡប់ទៅប្រទេសវិញ ជាពិសេស នឹងរឹតបន្តឹងនៅតំបន់ព្រំដែនជាមួយម៉ិកស៊ិក ។ រីឯអាជ្ញាធរម៉ិកស៊ិកបានត្រៀមទទួលយកពលរដ្ឋរបស់ខ្លួនត្រឡប់មកប្រទេសវិញ ដោយសារការអនុវត្តគោលនយោបាយបណ្តេញជនអន្តោប្រវេសន៍ខុសច្បាប់ទ្រង់ទ្រាយធំរបស់លោក Trump ៕










