ប្រទេសវៀតណាម ៖ លោក Nguyen Canh Tinh នាយកក្រុមហ៊ុនដឹកជញ្ជូនទំនិញតាមកំពង់ផែនៅប្រទេសវៀតណាម ឈ្មោះ VIETNAM Maritime (VIMC) លើកឡើងថា លោកពុំបារម្ភពីគោលនយោបាយដំឡើងពន្ធរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ទេ ។ ផ្ទុយទៅវិញ ក្រុមហ៊ុនលោករំពឹងថា ប្រាក់ចំណូលនឹងកើនឡើងដល់ជាង៣ដង ក្នុងរយៈពេល១០ឆ្នាំខាងមុខ ។
.png)
ក្រៅពីនេះ រយៈពេល៥ឆ្នាំខាងមុខ ក្រុមហ៊ុនមានគម្រោងពង្រីកការដឹកជញ្ជូនទំនិញតាមនាវា ស្មើនឹង២០% ក្នុង១ឆ្នាំ ព្រមទាំងកែលម្អកំពង់ផែសមុទ្រផងដែរ ដើម្បីអាចទទួលនាវាដឹកទំនិញធំៗចូលចត និងបង្កើនផ្លូវដឹកជញ្ជូនទំនិញតាមសមុទ្រជុំវិញពិភពលោក ។
រយៈពេល១០ឆ្នាំទៀត ប្រាក់ចំណូលរបស់ក្រុមហ៊ុន VIETNAM Maritime នឹងកើនឡើងរហូតដល់ ៣ពាន់លានដុល្លារអាមេរិក ខណៈនៅចុងឆ្នាំ២០២៥ ក្រុមហ៊ុនមានគោលដៅទទួលប្រាក់ចំណូលប្រមាណ ៨០០លានដុល្លារអាមេរិក ។ បច្ចុប្បន្ន ក្រុមហ៊ុនកំពុងស្វែងរកដៃគូដែលមានជំនាញផ្នែកដឹកជញ្ជូនទំនិញ ដើម្បីជួយគាំទ្រផែនការពង្រីកអាជីវកម្មរបស់ក្រុមហ៊ុន ។ នៅចុងឆ្នាំ២០២៥ ក្រុមហ៊ុននឹងដាក់សំណើទៅរដ្ឋាភិបាល ដើម្បីស្នើសុំកាត់បន្ថយការកាន់កាប់ភាគហ៊ុនរបស់រដ្ឋាភិបាល គឺពី១០០% មកស្មើត្រឹមតែ៦៥% ។
គោលនយោបាយដំឡើងពន្ធថ្មីរបស់ប្រធានាធិបតីអាមេរិក លោក Trump អាចនឹងធ្វើឱ្យមានការផ្លាស់ប្តូរផ្នែកដឹកជញ្ជូនទំនិញ ប៉ុន្តែក្រុមហ៊ុន VIETNAM Maritime ជឿជាក់ថា វៀតណាមនឹងនៅតែទទួលបានផលប្រយោជន៍ពីការដំឡើងពន្ធនេះ ។ រីឯតម្រូវការទិញទំនិញវៀតណាមរបស់អាមេរិក គឺនៅតែស្ថិតក្នុងកម្រិតខ្ពស់ ។ នេះបើតាមការលើកឡើងរបស់លោក Tinh ។
លោករំពឹងថា បរិមាណទូរកុងតឺន័រដែលឆ្លងកាត់កំពង់ផែសមុទ្រនៅប្រទេសវៀតណាម នឹងកើនឡើងជាបន្តបន្ទាប់ ស្មើនឹង៤% ក្នុង១ឆ្នាំ ដែលវាឆ្លុះបញ្ចាំងឱ្យឃើញថា នៅតែមានលំហូរការវិនិយោគពីបរទេសចូលមកវៀតណាមជាហូរហែ ហើយការវិនិយោគភាគច្រើន គឺជាក្រុមហ៊ុនលំដាប់ពិភពលោក ។ តម្រូវការដឹកជញ្ជូនទំនិញតាមនាវាដែលលោករំពឹងថា នឹងកើនឡើងមុនការអនុវត្តគោលនយោបាយពន្ធថ្មីរបស់អាមេរិក គឺនឹងធ្វើឱ្យថ្លៃដឹកជញ្ជូនតាមនាវាកើនឡើង ៕










