អាំងប៉ាវ ដែលក្នុងភាសាចិនហៅថា«ហុងប៉ាវ» ត្រូវបានគេស្គាល់ជាស្រោមសំបុត្រពណ៌ក្រហមៗ ដែលជាទូទៅត្រូវបានជនជាតិចិន ក៏ដូចជាខ្សែស្រឡាយកាត់ចិន ផ្តល់ជូនជាអំណោយក្នុងឱកាសសំខាន់ៗ ដូចជាបុណ្យចូលឆ្នាំចិន ពិធីរៀបអាពាហ៍ពិពាហ៍ និងថ្ងៃខួបកំណើតជាដើម។
ជនជាតិចិនចាត់ទុកថា អាំងប៉ាវគឺជាស្រោមសំបុត្រនាំសំណាង ពោលពួកគេគ្រាន់តែចង់បានមករក្សាទុកប៉ុណ្ណោះ និងមិនរំពឹងទៅលើប្រាក់ដែលដាក់នៅក្នុងស្រោមសំបុត្រនោះទេ។ ជាទូទៅ អាំងប៉ាវពណ៌ក្រហមៗនេះ ត្រូវបានញាតិចាស់ទុំ ដូចជាឪពុកម្តាយ ជីដូនជីតា ពូមីង ចែកជូនកូនចៅ និងក្មួយៗ អំឡុងថ្ងៃចូលឆ្នាំប្រពៃណី ដើម្បីជាការជូនពរសំណាងល្អ និងសិរីសួស្តីកើតមានក្នុងឆ្នាំថ្មី។.png)
ម្យ៉ាងវិញទៀត ប្រពៃណីនៃការផ្តល់ជូនអាំងប៉ាវនេះ គឺសម្រាប់អ្នកដែលរៀបការរួចប៉ុណ្ណោះ ជូនចំពោះអ្នកនៅលីវដើម្បីឲ្យពួកគេឆាប់ដល់គូរ ខណៈដែលថៅកែក្រុមហ៊ុនក៏អាចផ្តល់ជូនចំពោះបុគ្គលិក ដើម្បីឲ្យការរកស៊ីកាន់តែកាក់កបក្នុងឆ្នាំថ្មីផងដែរ។
គួររម្លឹកថា តាមជំនឿរបស់ជនជាតិចិន អាំងប៉ាវ គឺបង្កប់នូវអត្ថន័យថា រុងរឿងរីកចម្រើន រកស៊ីមានបាន សម្បូរសប្បាយ មានសុភមង្គល និងកាក់កបគ្រប់ភារកិច្ចជាដើម។ យ៉ាងណា ក្រដាសក្រហមៗនេះ កាលពីដើមឡើយគឺគេមិនចាំបាច់ដាក់ប្រាក់ចូលនោះទេ តែក្រោយៗមកទៀត ក៏កែប្រែទម្លាប់ភ្ជាប់មកជាមួយប្រាក់ខ្លះៗផងដែរ។ យ៉ាងណា សម្រាប់ការដាក់ប្រាក់នេះ គឺទៅតាមលទ្ធភាពរបស់អ្នកផ្តល់ឲ្យ និងមិនមានក្បួនកំណត់ថា ដាក់ចំនួនប៉ុន្មានទើបល្អនោះឡើយ៕










