ប្រទេសថៃ ៖ កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ សារព័ត៌មានថៃរាយការណ៍ថា បច្ចុប្បន្ន ប្រទេសថៃមានបញ្ហាខ្យល់ពុលកើនឡើងយ៉ាងខ្លាំង ហើយតំបន់ចំនួន៥០ របស់ទីក្រុងបាងកក បានប្រកាសអាសន្នពីខ្យល់ពុលកើនឡើងដល់កម្រិតពណ៌ក្រហម ។ រីឯខ្យល់ពុលនៅតំបន់ខ្លះទៀតកើនឡើងដល់កម្រិតពណ៌ស្វាយ គឺមានផលប៉ះពាល់សុខភាពពលរដ្ឋខ្លាំងជាងពណ៌ក្រហម ។
ចំណែកតាមបណ្តាខេត្តនានារបស់ប្រទេសថៃ ក៏គេចមិនផុតពីខ្យល់ពុលដែរ ក្នុងនោះខេត្តចំនួន២៣ មានខ្យល់ពុលកើនឡើងដល់កម្រិតពណ៌ក្រហម ដែលធ្វើឱ្យប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ។ ពលរដ្ឋសួរថា តើរដ្ឋាភិបាលថៃមានវិធានការដោះស្រាយបញ្ហាខ្យល់ពុលដូចម្តេច?
ការតាមដានស្ថានការណ៍ខ្យល់ពុល PM2.5 ពីផ្កាយរណបបង្ហាញថា កាលពីវេលាម៉ោង៨ព្រឹក ថ្ងៃទី២២ ខែមករា កន្លងមក កម្រិតខ្យល់ពុលក្នុងតំបន់៥០ របស់ទីក្រុងបាងកក បានកើនឡើងដល់ពណ៌ក្រហម ដែលប៉ះពាល់សុខភាពពលរដ្ឋខ្លាំង ក្នុងនោះតំបន់ចំនួន៥ ដែលមានខ្យល់ពុលខ្លាំងបំផុតនៅទីក្រុងបាងកក រួមមាន ៖ តំបន់ណងខែម, បាងបន, ថាវីវឌ្ឍនា, បាងឃុនធៀន និងបាងឃែ ។
ការចុះពិនិត្យមើលស្ថានការណ៍ខ្យល់ពុលនៅតាមតំបន់ផ្សេងៗរបស់ទីក្រុងបាងកក កាលពីថ្ងៃទី២២ ខែមករា ឃើញថា តំបន់បាងកកណយ ម្តុំផ្លូវចៅរ៉ាន់សានីតវង្ស ខ្យល់ពុលកើនឡើងដល់កម្រិតពណ៌ស្វាយ គឺមានផលប៉ះពាល់សុខភាពពលរដ្ឋយ៉ាងខ្លាំង ។ រីឯនៅតាមបណ្តាខេត្ត ក៏មានខ្យល់ពុលកើនឡើងខ្លាំងដែរ ក្នុងនោះខេត្តចំនួន២៣ មានខ្យល់ពុលខ្លាំងដល់កម្រិតពណ៌ក្រហម ក្នុងនោះខេត្តចំនួន៥ មានខ្យល់ពុលខ្លាំងបំផុត គឺខេត្តសាមុទ្រសង់ក្រាម, រ៉ាក់យ៉ង, សាមុទ្រសាខន, ណងខាយ និងឈុនបុរី ។
អភិបាលក្រុងបាងកក លោក ឆាត់ជាតិ សិទ្ធីផាន់ បានស្នើឱ្យដោះស្រាយបញ្ហាខ្យល់ពុលដើម្បីកាត់បន្ថយផលប៉ះពាល់សុខភាពពលរដ្ឋ គឺស្ថាប័ននានាអនុវត្តវិធានការធ្វើការពីផ្ទះ (Work from Home) ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ ខែមករា នេះ ព្រមទាំងស្នើឱ្យសាលារៀន ចំនួន១០៣កន្លែងនៅក្រុងបាងកក ផ្អាកការបង្រៀនសិស្សបណ្តោះអាសន្ន និងបង្រៀនតាមអនឡាញ ឬបង្រៀនជំនួសនាពេលក្រោយ ។
ការប្រកាសឱ្យបិទសាលារៀននេះ ដើម្បីកាត់បន្ថយការធ្វើដំណើរនៅតាមផ្លូវ ដែលជាមូលហេតុមួយធ្វើឱ្យមានខ្យល់ព្យុលនៅទីក្រុងបាងកក ។ ក្រៅពីនេះ អភិបាលក្រុងបាងកក ក៏បានហាមឃាត់រថយន្តដឹកទំនិញបើកបរក្នុងតំបន់ចំនួន១៣ របស់ទីក្រុងបាងកក ចាប់ពីថ្ងៃទី២៣ ដល់ថ្ងៃទី២៤ ខែមករា ។ បើល្មើសបម្រាម នឹងជាប់ពន្ធនាគាររយៈពេល១ខែ និងត្រូវពិន័យជាប្រាក់២,០០០បាត ឬទាំងជាប់ពន្ធនាគារ និងពិន័យជាប្រាក់ ។
អភិបាលក្រុងបាងកកបានណែនាំឱ្យពលរដ្ឋអនុវត្តតាមវិធានការ៥ចំណុច រួមមាន ៖
១-ត្រួតពិនិត្យកម្រិតខ្យល់ពុលគ្រប់ពេលវេលាមុនចេញពីផ្ទះ
២-ពាក់ម៉ាស់ការពារ
៣-បិទទ្វារ-បង្អួចផ្ទះឱ្យជិត និងសម្អាតធូលីជានិច្ច
៤-ចៀសវាងធ្វើអ្វីមួយនៅកណ្តាលថ្ងៃ និងកាត់បន្ថយការដុតធូប, អាំងសាច់ ឬដុតសំរាម
៥-ត្រួតពិនិត្យរថយន្តជានិច្ច ដើម្បីកាត់បន្ថយខ្យល់ពុលដោយសារផ្សែងរថយន្ត ៕










