ប្រទេសឥណ្ឌា៖ ក្នុងរយៈពេលមួយខែកន្លងមកនេះ នៅភូមិ Jammu និង Kashmir នៃស្រុក Rajouri របស់ប្រទេសឥណ្ឌាគឺមានអ្នកស្លា.ប់ជាប់ៗគ្នាចំនួន ១៧ នាក់ហើយដែលទំនងស្លា.ប់ដោយសារការឆ្លងជំងឺចម្លែកមួយ។
យោងតាមកាសែត The Times of India បានរាយការណ៍ថា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤ រហូតដល់ថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៥ គឺមានពលរដ្ឋស្លា.ប់ជាបន្តបន្ទាប់ក្នុងភូមិតែមួយ ដោយមានទាំងកុមារ មនុស្សចាស់ និងមនុស្សពេញវ័យ។

យោងតាមសារព័ត៌មាននេះ មនុស្សដែលស្លា.ប់គឺសុទ្ធតែមានអាការៈដូចៗគ្នាទាំងអស់រួមមានគ្រុនក្តៅ ឈឺចាប់ ចង្អោរ និងបាត់បង់ស្មារតី។ បច្ចុប្បន្នអាជ្ញាធរកំពុងស៊ើបអង្កេតបន្ទាប់ពីមនុស្ស ១៧ នាក់បានស្លា.ប់យ៉ាងអាថ៌កំបាំង ដោយមិនទាន់ដឹងថាពួកគេកំពុងឆ្លងជំងឺអ្វីនោះទេ ដូច្នេះជំងឺចម្លែកនេះកំពុងស្ថិតក្នុងការស៊ើបអង្កេតនៅឡើយ មិនទាន់មានការបញ្ជាក់ថាជាជំងឺអ្វីមួយពិតប្រាកដនោះឡើយ។

ទោះជាយ៉ាងណារដ្ឋមន្ត្រីក្រសួងសុខាភិបាលសហភាពលោក Amit Shah បានឱ្យដឹងថា ជំងឺចម្លែកនេះទំនងកើតឡើងដោយសារបញ្ហាទឹកកខ្វក់ និងថ្នាំសម្លាប់សត្វល្អិតលាយឡំគ្នា។ លោក Mohammad Aslam បានផ្តល់បទសម្ភាសជាមួយសារព័ត៌មានបរទេសថា ក្នុងរយៈពេលមួយខែនេះ លោកបានបាត់បង់សមាជិកគ្រួសារដល់ទៅ ៣ នាក់ រួមមានកូនប្រុសម្នាក់អាយុ ១៦ ឆ្នាំ និងពូមីងរបស់លោក ដែលពួកគេសុទ្ធតែស្លាប់ដោយសារជំងឺដ៏អាថ៌កំបាំងនេះ។
អ្នកស្លាប់សុទ្ធតែមានសភាពធ្ងន់ធ្ងរខ្លាំងមុនពេលចូលមន្ទីរពេទ្យ។ គួរបញ្ជាក់ដែរថា ចាប់តាំងពីថ្ងៃទី ៧ ខែធ្នូ ឆ្នាំ២០២៤ រហូតមកដល់ពេលនេះ ជំងឺដ៏អាថ៌កំបាំងនេះបានប៉ះពាល់ដល់មនុស្សយ៉ាងហោចណាស់ ៣៨ នាក់ និងបានសម្លាប់មនុស្ស ១៧ នាក់នៅក្នុងភូមិJammu និង Kashmir នៃស្រុក Rajouri របស់ប្រទេសឥណ្ឌា៕










