ប្រទេសកូរ៉េខាងត្បូង ៖ ជាទូទៅ ភោជនីយដ្ឋាននានានៅប្រទេសកូរ៉េខាងត្បូង តែងតែដាក់អាហារក្នុងថាសធំៗសម្រាប់អតិថិជនច្រើននាក់ ហើយបើអ្នកណាទៅបរិភោគអាហារម្នាក់ឯងក្នុងភោជនីយដ្ឋានទាំងនេះ ពិតជាពុំអាចបរិភោគអស់ទេ បើទោះជាអាហារមានរសជាតិឆ្ងាញ់យ៉ាងណាក្តី ដោយសារបរិមាណអាហារច្រើនពេក ។
បច្ចុប្បន្ន យុវវ័យកូរ៉េខាងត្បូងរស់នៅម្នាក់ឯងកាន់តែច្រើន ហើយពួកគេបានផ្លាស់ប្តូរទម្លាប់រស់នៅតាមពាក្យ១ឃ្លាថា «ជីវិតមានតែម្តងទេ ត្រូវតែប្រើប្រាស់ឱ្យមានប្រយោជន៍បំផុត» (You Only Need One ឬ YONO) ។ ពាក្យនេះបានធ្វើឱ្យយុវវ័យកូរ៉េខាងត្បូងផ្លាស់ប្តូរពីទម្លាប់ចាយប្រាក់ខ្ជះខ្ជាយ ឬរស់នៅសប្បាយភ្លើតភ្លើន ទៅជាការរស់នៅដោយសន្សំសំចៃប្រាក់ និងទិញតែសម្ភារៈប្រើប្រាស់ចាំបាច់ប៉ុណ្ណោះ ព្រមទាំងកាត់បន្ថយការបរិភោគអាហារក្រៅផ្ទះជាមួយមិត្តភក្តិ ។
ការផ្លាស់ប្តូរទម្លាប់ការរស់នៅនេះកើតឡើងក្រោយពីការចំណាយប្រចាំថ្ងៃកើនឡើងខ្ពស់ ដូចជា ៖ ការស្នាក់នៅ និងអាហារឡើងថ្លៃ ជាពិសេស ការបរិភោគអាហារៅក្រៅផ្ទះ ។ ដូច្នេះ វាធ្វើឱ្យភោជនីយដ្ឋានកូរ៉េខាងត្បូងជាច្រើនកន្លែងកាត់បន្ថយអាហារក្នុងចានតាមពាក្យថា YONO ដែលយុវវ័យពេញនិយមអនុវត្តតាម ។.png)
អតិផរណា និងប្រាក់ចំណូលធ្លាក់ចុះ ក៏ជាកត្តាជំរុញឱ្យយុវវ័យកូរ៉េខាងត្បូងសន្សំសំចៃប្រាក់ខ្លាំងផងដែរ ។ ភោជនីយដ្ឋានដែលធ្លាប់តែជាកន្លែងពេញនិយមសម្រាប់ការបរិភោគអាហារ ឬផឹកស៊ីរបស់ក្រុមយុវវ័យក្រោយចេញពីធ្វើការ បានកាត់បន្ថយអាហារក្នុងចាន និងបញ្ចុះតម្លៃ ដោយសារយុវវ័យជាច្រើនឈប់បរិភោគអាហារជាមួយមិត្តភក្តិដូចមុន គឺពួកគេបរិភោគអាហារក្នុងភោជនីយដ្ឋានម្នាក់ឯង ។ ម្យ៉ាងទៀត ការពេញនិយមបរិភោគអាហារម្នាក់ឯង ដោយសារចំនួនពលរដ្ឋកូរ៉េខាងត្បូងរស់នៅម្នាក់ឯងកើនឡើងជារៀងរាល់ឆ្នាំ ។
ហាងសាច់មាន់បំពង Kyochon F&B បានបង្ហាញអាហារថ្មីសម្រាប់អតិថិជនបរិភោគម្នាក់ឯង ដោយការកាត់បន្ថយបរិមាណអាហារ និងបញ្ចុះតម្លៃពាក់កណ្តាល ហាងនេះបញ្ជាក់ថា អាហារថ្មីសម្រាប់អតិថិជនតែម្នាក់ និងចង់បានអាហារចានតូចល្មម ។ រីឯហាងសាច់មាន់បំពងផ្សេងទៀត ក៏បានបញ្ចុះតម្លៃអាហារដែរ សម្រាប់អតិថិជនចូលហាងតែម្នាក់ ដូចជា ៖ ហាង Genesis BBQ និង Dining Brands Group ។ ដូចគ្នានេះ ហាងភីសា ចំនួន៣កន្លែង បានលក់ភីសាខ្នាតតូច និងបញ្ចុះតម្លៃសម្រាប់អតិថិជនបរិភោគតែម្នាក់ ៕










