តារាចម្រៀងនិងជាអ្នកនិពន្ធវ័យក្មេង ម៉ុង ម៉ានុត ប្អូនប្រុស ម៉ានិត បានបង្ហាញទៅកាន់អ្នកគាំទ្រសម្រាប់ទឹកចិត្តស្រលាញ់គាំទ្រលោកទោះបីជាខ្លួនលោកមានរូបរាងបែបណាក៏ដោយ។ យ៉ាងណាមិញរយៈពេលចុងក្រោយនេះលោកថែរក្សាខ្លួនឱ្យល្អជាងមុនដោយស្រកទម្ងន់បាន១២គីឡូក្រាម ខណៈនឹងបន្តការស្រកបន្ថែមទៀតព្រោះមិនទាន់ដល់គោលដៅដែលកំណត់ឡើយ។

ជឿជាក់ថាប្រិយមិត្តទស្សនិកជនមួយចំនួនធំបានស្គាល់ក្រុមគ្រួសាររបស់លោក ម៉ុង ម៉ានុត ដែលជាតារាចម្រៀងនិងជាអ្នកនិពន្ធប្រលោមលោកវ័យក្មេងដោយបានសាងដៃជាច្រើននិងត្រូវជាចៅប្រុសរបស់អ្នកស្រី ពាន់ ភួងបុផ្ផា។ ជាពិសេសបទចម្រៀងដែលមហាជនស្គាល់យ៉ាងទូលំទូលាយគឺបទ «កុមារី២៥ឆ្នាំ»តាំងពីលោកនៅវ័យកុមារ។ មិនថាតែលោកឬបងប្រុសជាតារាចម្រៀង ម៉ានិត អ្នកទាំងពីរសុទ្ធតែទទួលបានការគាំទ្រទោះបីមានរូបរាងបែបណាក៏ដោយ។ យ៉ាងណាមិញ ម៉ានុត ទើបតែបញ្ជាក់នៅលើបណ្តាញសង្គមរបស់ខ្លួនថាលោកស្រកទម្ងន់បាន១២គីឡូក្រាមហើយនឹងបន្តការស្រកថែមទៀត។
រសៀលថ្ងៃទី១៦ មករា ម៉ានុត បានបង្ហោះរូបភាពមួយសន្លឹកពីរូបរាងពីមុនរបស់ខ្លួននិងរូបភាពមួយទៀតដែលមានការខុសប្លែកកាលពីមុន។ លោកបានសរសេរថា « អរគុណអ្នកទាំងអស់គ្នាដែលកន្លងមកតែងតែស្រលាញ់ និងគាំទ្រ។ មិនថាខ្ញុំមានរូបរាងយ៉ាងណា ក៏នៅតែឱ្យតម្លៃខ្ញុំ និងសមត្ថភាពខ្ញុំ។ មួយរយៈនេះខ្ញុំបានយកពេលទៅហ្វឹកហាត់ចំណេះជំនាញបន្ថែម និងថែរក្សាខ្លួនឱ្យបានល្អជាងមុន។ ខ្ញុំស្រក១២គីឡូហើយ វានៅមិនទាន់ដល់គោលដៅខ្ញុំនៅឡើយទេ តែខ្ញុំពិតជារីករាយនឹងខ្លួនឯងណាស់។ ឆាប់ៗនេះ ខ្ញុំនឹងមានចម្រៀងចេញបន្តបន្ទាប់ ទាំងបែបរ៉ូមេនទិក និងសេដ»។
ការបង្ហាញបែបនេះអ្នកគាំទ្ររបស់ ម៉ានុត ក៏បានចូលទៅខម្មិនដែរថា រូបគេស្រលាញ់គាំទ្រលើសមត្ថភាពជាធំមិនមែនជារូបរាងពណ៌សម្បុរនោះទេ ខណៈអ្នកផ្សេងទៀតថា ម៉ានុត ទោះបីជាយ៉ាងមិចនៅតែខ្យូតគួរឱ្យស្រលាញ់ដដែល។
គួរបញ្ជាក់ផងដែរថា បទចម្រៀងរបស់ ម៉ានុត ដែលទទួលបានការគាំទ្រពីទស្សនិកជនមានដូចជា «ខ្ញុំពូកែពេកហើយ» «ច្រណែនគេ» «តើមានអារម្មណ៍អ្វី?» និងការ Cover ជាទំនុកច្រៀងភាសាខ្មែរ «ខ្វល់ពីខ្ញុំខ្លះបានទេ?» ពីបទ «Pano» ៕










