ជឿជាក់ថាប្រិយមិត្តមួយចំនួនជ្រាបមកហើយអ្នកបង្កើតមាតិកា Yuro បានធ្លាក់ខ្លួនមានជំងឺច្រើនមុខបង្កឱ្យសាធារណជនអាណិតនិងបានចូលរួមផ្តល់ជាថវិកាតាមសទ្ធាដើម្បីឱ្យលោកទៅព្យាបាលនៅក្រៅប្រទេស។ យ៉ាងណាមិញថ្មីៗនេះ Yuro បានប្រកាសថាជំងឺរបស់លោកស្ថិតនៅក្នុងដំណាក់កាលតាមដានមិនធ្ងន់ធ្ងរដោយសំណូមពរឱ្យអ្នកដែលបាញ់លុយជួយលោកបង្វែរទៅជួយក្រុមគ្រួសារដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ទាំងប្ដីទាំងកូនពីរនាក់។
នៅយប់ថ្ងៃទី១១ មករា Yuro Mong បានបង្ហោះថា«សួស្ដីបងប្អូនទាំងអស់គ្នាឥឡូវខ្ញុំបានមកដល់ខ្មែរវិញហើយ ជំងឺរបស់ខ្ញុំស្ថិតនៅក្នុងការតាមដានរបស់គ្រូពេទ្យបីខែទៀតត្រូវឡើងទៅវិញ ដូច្នោះហើយខ្ញុំគិតថាខ្ញុំមិនអីទេខ្ញុំមិនធ្ងន់ធ្ងរទេ ខ្ញុំឃើញបងប្អូនទាំងអស់គ្នានៅតែបន្តបាញ់លុយឱ្យខ្ញុំ ខ្ញុំសុំអត់ទទួលទៀតទេ អរគុណសម្រាប់ទឹកចិត្តបងប្អូនខ្លាំងណាស់ តែបើបងប្អូននៅតែបន្តចង់ជួយខ្ញុំទៀតខ្ញុំសូមឱ្យបងប្អូនទៅជួយក្រុមគ្រួសាររបស់បងស្រីដែលជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ទាំងប្ដីទាំងកូនពីរនាក់ហើយបងស្រីក៏ត្រូវពិការទៀត ចង់ឱ្យបងប្អូនទៅជួយគាត់វិញណា សូមអរគុណដោយក្តីស្រឡាញ់»។

ទឹកចិត្តរបស់ Yuro នេះបានធ្វើឱ្យមនុស្សជាច្រើនសម្តែងការកោតសរសើរចំពោះលោក។ អ្នកបង្កើតមាតិការូបនេះបានធ្លាក់ខ្លួនមានបញ្ហាឈឺក្រលៀនទាំងសងខាង ឈាមស ថ្លើមរលាក ជាតិស្ករឡើង រលាកក្រពះពោះវៀន បញ្ហាគ្រាប់ឈាមខុសប្រក្រតី …។ 
សូមបញ្ជាក់ផងដែរថា នៅល្ងាចថ្ងៃទី១០ ខែមករា មានករណីគ្រោះថ្នាក់ចរាចរណ៍មួយកើតឡើងលើផ្លូវ៦០ម៉ែត្រដោយបុរសម្នាក់បើករថយន្តស្ថិតក្នុងស្ថានភាពស្រវឹងបានបុកជាមួយម៉ូតូដែលមានសមាជិក៤នាក់ខណៈបុរសជាឪពុកនិងកូនពីរនាក់បានទទួលមរណភាពខណៈស្រ្តីជាម្តាយមានរបួសធ្ងន់ធ្ងន់ដាច់ជើងដែលកំពុងសម្រាកព្យាបាលនៅប្រទេសវៀតណាម។ សោកនាដកម្មនេះបានធ្វើឱ្យសាធារណជនមានការរំជួលចិត្តជាខ្លាំង៕










