អ្នកណាមិនស្គាល់ Gong Yoo ដែលជាតួឯកប្រុសក្នុងរឿងល្បីៗជាច្រើនរបស់កូរ៉េខាងត្បូងដូចជា The Trunk, Train to Busan, The Lonely and Great God និងជាតារាសម្តែងក្នុងរឿង Squid Game រដូវកាលទី ១ ត្រូវបានគេដាក់ងារថាជាលោកពូកំពូលស្នេហ៍ បែរជានិយាយនៅក្នុងកម្មវិធីមួយថា គ្មាននារីណាចាប់អារម្មណ៍លោកទៅវិញ។ ជាការពិតណាស់ ប្រសិនបើអ្នកធ្លាប់តាមដានភាពយន្តរបស់ Gong Yoo អ្នកប្រាកដជាលង់ស្នេហ៍តារាប្រុសរូបនេះជាក់ជាមិនខាន។
Gong Yoo គឺជាតារាសម្តែងប្រុសជើងចាស់ មានវ័យ ៤៥ ឆ្នាំហើយប៉ុន្តែបើនិយាយពីសម្រស់វិញ គឺស្រស់សង្ហាដូចទើបតែមានអាយុ ៣០ ឆ្នាំអ៊ីចឹង ហើយបើនិយាយពីសមត្ថភាពសម្តែងវិញក៏មិនធម្មតាដែរ តារាប្រុសរូបនេះតែងតែឆក់យកបេះដូងមនុស្សស្រីជាច្រើន ដោយសារពួកគេគិតថាលោកជាមនុស្សផ្អែមល្ហែម និងរ៉ូមែនទិក មិនខុសពីរឿងដែលលោកបានសម្ដែងនោះទេ។
ទោះជាយ៉ាងណានៅពេលលោកបង្ហាញខ្លួនក្នុងកម្មវិធី You Quiz on the Block តារាប្រុស Gong Yoo ស្រាប់តែនិយាយថា “លោកជាមនុស្សខ្មាស់អៀនច្រើន មិនចេះខ្វល់ មិនចេះបារម្ភអ្វីឡើយ និយាយឱ្យចំទៅ លោកមិនមែនជាមនុស្ស Sweet អីទេ”។ តារាវ័យ ៤៥ ឆ្នាំរូបនេះបានបន្តទៀតថា នៅក្នុងភាពយន្ត លោកច្រើនសម្តែងជាតួអង្គចេះខ្វល់ ចេះបារម្ភ ផ្អែមល្ហែម និងរ៉ូមែនទិក ខណៈអ្នកគាំទ្រមើលមកលោកក្នុងរឿង តែងតែគិតថា ក្នុងជីវិតពិតរបស់លោក ក៏ជាបុរសផ្អែមល្ហែម ចេះយកចិត្តទុកដាក់ និងរ៉ូមែនទិកសមនឹងរូបរាងស្រស់សង្ហា និងកក់ក្ដៅនេះដែរ។.png)
ប៉ុន្តែផ្ទុយទៅវិញលោកមិនមែនជាមនុស្សកក់ក្ដៅសម្រាប់នារីៗនោះទេ។ Gong Yoo ក៏បានបន្ថែមទៀតថា លោកមិនមានចិត្តក្លាហានក្នុងរឿងស្នេហាឡើយ ហើយថែមទាំងធ្វើមករៀងឆ្គងៗទៀត។ ដូច្នេះ Gong Yoo ក៏បាននិយាយថា លោកមិនមែនជាប្រភេទមនុស្សប្រុសដែលមនុស្សស្រីចូលចិត្តនោះទេ។ គួរបញ្ជាក់ដែរថា តួឯកក្នុងរឿង Goblin គឺជាកំលោះមិនទាន់រៀបការម្តងណាឡើយ ទោះបីបច្ចុប្បន្នលោកមានអាយុ ៤៥ ឆ្នាំក៏ដោយ៕










