មួយរយៈក្រោយមកនេះ គ្រោះ.ថ្នាក់ចរា.ចរណ៍ជាច្រើនករណីបានកើតឡើង នៅលើបណ្តាយផ្លូវ ៦០ ម៉ែត្រ ឬផ្លូវសម្ដេចតេជោហ៊ុន សែន ទើបបណ្តាលឲ្យមហាជនជាច្រើនមានការខ្លា.ចរអា។ ដោយមើលឃើញពីតថភាពនេះ ថ្មីៗនេះ ផ្លូវ ៦០ ម៉ែត្រ ក៏ត្រូវបានមន្ត្រីជំនាញចុះវាស់វែង ត្រួតពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវរួចរាល់ហើយ ខណៈក៏មានរៀបចំពិធីសូត្រមន្ត ប្រោះព្រំទៀតផង។

នាព្រឹកថ្ងៃទី ១៥ ខែមករា ឆ្នាំ ២០២៥ យោងតាមការដាក់បង្ហោះរបស់លោក សេង គន្ធ អភិបាល នៃគណៈអភិបាលខណ្ឌមានជ័យ បានឲ្យដឹងថា រដ្ឋបាលខណ្ឌមានជ័យនិងខណ្ឌដង្កោព្រមទាំងមន្រ្តីរាជការ បានអញ្ជើញមករៀបចំពិធីសូត្រមន្ត ប្រោះព្រំតាមបណ្តោយផ្លូវ ៦០ម៉ែត្រ ស្របតាមជំនឿរបស់ពលរដ្ឋខ្មែរ ដើម្បីទទួលបានសេចក្តីសុខសុវត្ថិភាព និងសុខសប្បាយលើដងផ្លូវធ្វើដំណើរ។

សូមជម្រាបថា កាលពីថ្ងៃទី ១២ ខែមករាកន្លងទៅ ឯកឧត្ដមប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងឯកឧត្ដម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដឹកនាំមន្ត្រីជំនាញ អាជ្ញាធរដែនដី ចុះពិនិត្យនិងសិក្សាពីស្ថានភាពផ្លូវ ៦០ម៉ែត្រដើម្បីរកមធ្យោបាយធ្វើយ៉ាងណាឱ្យផ្លូវ៦០ម៉ែត្រ កាត់បន្ថយបាននូវការគ្រោះថ្នាក់ចរាចរណ៍។
តាមការឯកភាពគ្នា នៅលើកំណាត់ផ្លូវ៦០ម៉ែត្រក្នុងមូលដ្ឋានខណ្ឌមានជ័យនិងខណ្ឌដង្កោ នឹងត្រូវបង្កើនកម្លាំងប៉ូលីសដើម្បីត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ និងការផាកពិន័យចំពោះអ្នកបើកបរលើសល្បឿនកំណត់ ពោលគឺកម្លាំងត្រូវអនុវត្តការងារដោយភាពទទួលខុសត្រូវនិងតឹងរឹងជាងមុន។ ជាមួយគ្នានោះ ក៏ត្រូវគូសគំនូសសញ្ញាចរាចរណ៍ជាថ្មីនិងដាក់ភ្លើងស្តុបថ្មីបន្ថែមទៀត ហើយក៏នឹងបន្ថែមចំណាំងផ្លាតលើផ្លូវនេះ ដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ និងផ្ដល់ភាពងាយស្រួលក្នុងការធ្វើដំណើរទាំងពេលយប់ទាំងថ្ងៃ៕









