តារាចម្រៀងនិងសម្តែង ព្រីន ត្រូវបានអ្នកលេងបណ្តាញសង្គមបញ្ចេញមតិវែកញែកក្រោយពីចូលរួមផ្តល់បទសម្ភាសន៍ក្នុងកម្មវិធីមួយហើយបាននិយាយថាលោកមិនដែលបង្ហោះនៅលើហ្វេកប៊ុកទាក់ទងនឹងការដាច់លុយចាយ។ លោកថា ខ្លួនលោកមិនមែនជាអ្នកមានអ្វីនោះទេប៉ុន្តែគឺចាយទៅតាមសមត្ថភាពលុយដែលរកបាននោះគ្មានថ្ងៃដាច់លុយនិងមិនមានបំណុលរស់នៅខ្វះមុខខ្វះក្រោយឡើយ។

នៅថ្ងៃទី១២ មករា ព្រីន បានបង្ហោះវីដេអូខ្លីដកស្រង់ចេញពីបទសម្ភាសន៍មួយហើយលោកបាននិយាយថា នៅលើហ្វេកប៊ុករបស់ខ្លួនមិនដែលឃើញលោកផុសដាច់លុយនោះទេមិនមែនជាអ្នកមានតែចាយតាមសមត្ថភាព។ លោកបានបញ្ជាក់ថាបើសិនជាលោកចង់ទិញអ្វីមួយដូចជាម៉ូតូ ដោយដឹងថាខ្លួននឹងមានលុយប៉ុន្មានម៉ឺនទិញម៉ូតូហ្នឹងមួយពាន់ពីរពាន់លោកនឹងនៅសល់ប៉ុន្មានបានលោកទិញ ហើយទៅលើសំលៀកបំពាក់ដូចគ្នាបើទៅកម្មវិធីច្រៀងបាន២ពាន់ហើយចំណាយថ្លៃលើខោអាវ១០០ទៅដកហើយអីហើយនៅសល់ប៉ុន្មានរួចឱ្យលុយគេហើយ។
តារាចម្រៀងនិងសម្តែងរូបនេះបានបន្តទៀតថា ប្រសិនជាទាំងអស់គ្នាមិនចង់ឱ្យខ្លួនឯងជំពាក់លុយគេអត់ចង់ឱ្យខ្លួនឯងគ្មានបំណុល រស់នៅក្នុងបំណុលរស់នៅខ្វះមុខខ្វះក្រោយចាយវាយតាមសមត្ថភាពដែលរកបាន រកបានប៉ុណ្ណាចាយវាយនឹងសន្សំទុកផងដើម្បីទុកពេលជួបបញ្ហាហានិភ័យលើការងារដែលយើងមើលមិនឃើញ។
ការលើកឡើងរបស់ ព្រីន ខាងលើនេះបានទទួលនូវប្រតិកម្មចម្រុះមានទាំងការគាំទ្រនិងមិនគាំទ្រ។ អ្នកលេងបណ្តាញសង្គមបានបញ្ចេញមតិថា«មិនមែនអ្នកគ្រប់គ្នារកចំណូលបានដូចបងទេ មុននិយាយអីបងត្រូវគិតថាពេលខ្លះបងអាចរកចំណូលបានច្រើនបងនិយាយអ៊ីចឹងបាន។ចុះបងប្អូនយើងអ្នកក្រច្រើនធ្វើស្រែខាតអ្នករំពឹងតែស្រែដល់ពេលស្រែអត់បានគ្នាមិនដឹងទៅរកណាបានមានតែជំពាក់គេ។ ,ប្រាក់200 $ អី នៅបង់បន្ទប់ជួលទៀត បានលុយណាសល់ ,និយាយបានតែនិយាយបងតារាបងឯងនិយាយភាសាហ្នឹងបាន ចុះអ្នកស្រែអ្នកចម្ការអ្នកធ្វើការរោងចក្រគេរំពឹងអីនៅសល់។ស្រូវថោកប្រាក់ខែតិច និយាយអីគិតអារម្មណ៍គេផង»។
គណនីបណ្តាញសង្គមផ្សេងទៀតបានខម្មិនថា «ខ្ញុំចង់និយាយថាគាំទ្រអ្វីការគិតរបស់ព្រីឯងប៉ុន្តែបងត្រូវដឹងថាប្រជាពលរដ្ឋខ្មែរយើងគ្មានអ្នកណារកលុយស្រួលទេតែនិយាយរបស់បងវាមិនត្រូវ 100% ទេបង។ , ប្រាក់ខែ250$ក៏ចង់ចាយតាមសមត្ថភាពដែរ តែវាអត់គ្រាន់ចាយដឹងខ្ទង់បងប្រាក់ខែ1ពាន់2ពាន់ខ្ញុំប្រាក់ខែមិនបាន1ពាន់ផងឱ្យចាយតាមខ្ទង់ដូចបងនិយាយលេង…»៕










