ជឿជាក់ថាមហាជនដែលបានធ្វើដំណើរឆ្លងកំពង់ចម្លងអរិយក្សត្រប្រាកដជាបានឃើញយ៉ាងច្បាស់ហើយអំពីទិដ្ឋភាពខណ្ឌចែករវាងទន្លេទាំង២ ដែលម្ខាងមានទឹកពណ៌ខៀវថ្លាឆ្វង់ដូចកញ្ចក់ ឯម្ខាងទៀតបែរជាទឹកល្អក់ទៅវិញ។ យ៉ាងណា មតិជាច្រើនបានលើកឡើងជាចម្ងល់ថា ទឹកទន្លេដូចគ្នា ចុះហេតុអ្វីមិនអាចរលាយចូលគ្នា ឲ្យក្លាយទៅជាពណ៌តែមួយបាន?

ជាការពិតណាស់ ផ្នែកម្ខាងដែលមានទឹកពណ៌ថ្លាឆ្វង់នោះ ត្រូវបានគេស្គាល់ថាជា«ទន្លេមេគង្គ» ខណៈម្ខាងទៀតដែលមានទឹកល្អក់ គឺជា«ទន្លេសាប»។ ចំពោះមូលហេតុដែលទឹកទន្លេមានពណ៌ខុសដាច់ពីគ្នា និងមិនអាចរលាយបញ្ចូលគ្នាបានគឺបណ្តាលមកពីកត្តាចំនួន ៣ គឺ៖ ទឹកទន្លេមានសីតុណ្ហភាពមិនស្មើគ្នា ,ទឹកហូរបញ្ច្រាសទិសគ្នា ,ក៏ដូចជាទាក់ទងនឹងល្បឿននៃការហូរវាមានលក្ខណៈលឿនឬយឺតជាងគ្នា ។ យ៉ាងណា ទឹកទន្លេនីមួយៗគឺមានធាតុផ្សំ (ដីល្បាប់..) និងសារធាតុរំលាយខុសៗគ្នាផងដែរ។
សូមជម្រាបថា បាតុភូតទឹកមិនរលាយបញ្ចូលគ្នានេះមិនមែនជារឿងចម្លែកនិងកើតមានតែនៅក្នុងប្រទេសកម្ពុជានោះទេ, នៅឯប្រទេសផ្សេងៗក៏កើតមានបាតុភូតនេះដូចគ្នាដែរ តួយ៉ាង ដូចជាមហាសមុទ្រប៉ាស៊ីហ្វិកនិងមហាសមុទ្រអាត្លង់ទិកជាដើម។ 
យ៉ាងណា នៅក្នុងប្រទេសកម្ពុជា ការមិនរលាយបញ្ចូលគ្នារវាងទន្លេមេគង្គនិងទន្លេសាបនេះក៏នូវតែជាចំណុចដ៏គួរឲ្យចាប់អារម្មណ៍អស់ជាច្រើនទសវត្សមកហើយក្នុងចំណោមទាំងជនជាតិខ្មែរ និងជនបរទេស ខណៈក៏មានការដាក់បង្ហោះនិងចែករំលែកទិដ្ឋភាពដ៏អស្ចារ្យនេះនៅលើបណ្តាញសង្គមជាហូរហែរផងដែរ៕
រូបភាព៖ កើត ឆែ អភិបាលរងរាជធានីភ្នំពេញ










